បណ្តាញសង្គម

ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន​ណែនាំ​វិធានការ​ដល់​នគរបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍

រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញសេចក្ដីណែនាំស្ដីពីវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

យោងតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍នេត សាវឿន កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២១អនុញ្ញាតឲ្យគ្រប់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឲ្យមានការផ្លាស់វេនមន្ត្រីប្រចាំការ ក្នុងអង្គភាពនីមួយៗ ដោយត្រូវធានារក្សានិន្តរភាពការងារប្រចាំថ្ងៃ ។

ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ ពាក់ម៉ាស់ លាងដៃ ឬបាញ់អាល់កុល រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឲ្យបានគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងសាធារណៈបិទជិតគ្មានខ្យល់ចេញចូល កុំជួបជុំមនុស្សច្រើនកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបថើបគ្នា ជាដើម ។

លោកឧត្តមសេនីយ៍ឲ្យត្រូវផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំកិច្ចប្រជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានាលើកលែងតែមានករណីចាំបាច់ ឬមានបទបញ្ជា ។

ត្រូវតាមដានត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ ។ សម្រាប់កងកម្លាំងដែលមានអាការៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។

ផ្អាកការអនុញ្ញាតចេញ-ចូលបរិវេណ អគ្គស្នងការដ្ឋាននគរបាលជាតិជាបណ្ដោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែលពុំមានភារកិច្ចចាប់ពីពេលនេះរហូតដល់មានការណែនាំថ្មី ៕

ដកស្រង់ពី៖ កោះសន្តិភាព