បណ្តាញសង្គម

កម្ពុជា​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទ្រង់ទ្រាយ​ធំ​ក្នុង​១​ខែ​ចាក់ ១​លាន​ដូ​ស

រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថា នាពេលខាងមុខនេះ កម្ពុជានឹងចាក់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលក្ខណៈទ្រង់ទ្រាយធំ ដោយក្នុងមួយខែត្រូវចាក់ឲ្យបាន១លានដូស ។

យោងតាមរយៈសារសំឡេងប្រមាណជាង ៧នាទី នៅព្រឹកថ្ងៃទី២៩ មីនា ប្រកាសជាសាធារណៈសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖« នៅពេលខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដោយមានអន្តរាគមន៍ពីពេទ្យ ទៅពីថ្នាក់ជាតិ ចូលរួមផងដែរ តាមគម្រោងរប់សយើងក្នុងមួយខែត្រូវចាក់ឲ្យបានក្នុងកម្រិត១លានដូស ព្រោះថា ទាំងវ៉ាក់សាំងដែលយើងទិញ ការទទួលជំនួយ នឹងមកជាបន្តបន្ទាប់ ដូច្នេះវ៉ាក់សាំងត្រូវបញ្ជូន ទៅចាក់ឲ្យប្រជាពលរដ្ឋ»។

សម្រាប់យុទ្ធនាការនេះ សម្ដេចតេជោ បានស្នើឲ្យអភិបាលខេត្តទាំងអស់ឲ្យទទួលរ៉ាប់ រងចំពោះកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តជួយ ឬចល័តពីកន្លែងមួយទៅកន្លែងមួយ ។

សម្ដេចថា ៖សព្វថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ គឺមាននៅសល់ច្រើន ដែលយើងអាចពឹងពាក់ចំពោះម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់ឲ្យគ្រូពេទ្យយើងស្នាក់នៅបាន ចៀសវាងយកថវិកាទៅជួលបន្ថែមក្នុងពេលដែល គ្រូពេទ្យស្ម័គ្រចិត្តទាំងនោះទៅជួយប្រជាជន ។

សម្ដេចបន្តថា ថ្នាក់ជាតិ គឺទទួលខុសត្រូវ តែលើការធ្វើដំណើរ និងការហូបចុករបស់ ក្រុមគ្រូពេទ្យប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការស្នាក់នៅ ត្រូវឲ្យអភិបាលខេត្តជាអ្នកទទួល ខុសត្រូវទាំងអស់ ។

ជាមួយគ្នានោះដែរ សម្ដេចតេជោក៏បានលើកឡើងថា ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ នៅតាមទីកន្លែងដែលក្រុមគ្រូពេទ្យ ត្រូវទៅស្នាក់នៅ គឺគាត់មិនកំណាញ់ទេ ទៅលើការសហការ ក្នុងស្ថានភាពមនុស្សធម៌បែបនេះ ។

ហើយសម្ដេចក៏បានប្រាប់ឲ្យគណៈកម្មការចំពោះកិច្ចរៀបចំគម្រោងនៃការចំណាយ តែទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ ប៉ុន្តែសម្រាប់ការស្នាក់នៅ ទុកការទទួលខុសត្រូវនេះឲ្យអភិបាលខេត្តនីមួយៗជាអ្នករ៉ាប់រង ។

សម្ដេចសង្ឃឹមថា អភិបាលខេត្តទាំងអស់ ច្បាស់ជានឹងធ្វើបាននូវកិច្ចការងារនេះ ដោយមានការសហការល្អ ជាម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយ របស់ថ្នាក់ជាតិ ដែលជាចំណូលរបស់សប្បុរសជន ទុកចំណាយទៅលើប្រតិបត្តិការ ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយយើងត្រូវប្រើប្រាស់ រយៈពេលចាក់វ៉ាក់សាំងនេះ មិនឲ្យអូសបន្លាយពេលយូរ ។

ក្នុងសារសម្លេងនោះដែរ សម្ដេចតេជោ គូសបញ្ជាក់ថា សម្ដេចបានទទួលព័ត៌មានថា តាមខេត្តរកទីកន្លែងចាក់វ៉ាក់សាំងបានសមគួរហើយដែរ ដែលមានប្រមាណជាង ៣០០កន្លែង នៅទូទាំងប្រទេសជាការល្អ ក៏ប៉ុន្តែលទ្ធភាពរបស់គ្រូពេទ្យជាបញ្ហាដូច្នេះត្រូវរកគ្រូពេទ្យ នៅតាមមូលដ្ឋានបន្ថែមផងដែរ ទាំងគ្រូពេទ្យរដ្ឋ និងឯកជនស្ម័គ្រចិត្ត យកមកធ្វើការហ្វឹកហ្វឺន ដើម្បីបង្កើនគ្រូពេទ្យចាក់នៅតាមទីកន្លែង ដែលបានរៀបចំរួចមកហើយ បន្ថែមដោ យគ្រូពេទ្យស្ម័គ្រចិត្ត ដែលទៅពីថ្នាក់ជាតិ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និងអាស្ត្រាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេសបានចំនួន ២៥២.៥០៧នាក់ ។

ដោយឡែកសម្រាប់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១៣០.៩៥៥នាក់ ខណៈចាក់លើកទី២ បានចំនួន ១០៧.២៨៩នាក់ ។

ការប្រកាសដាក់ចេញយុទ្ធនាការ ចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនេះ ធ្វើឡើក្រោយពេលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ពីចិនចំនួន ១.៥លានដូស ដែលដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ មីនា និងស្របពេលដែលកម្ពុជានឹងទទួ លវ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសបន្ថែម ជាជំនួយរបស់ចិន នៅថ្ងៃទី៣១ ខែមីនាខាងមុខនេះផងដែរ ៕

ដកស្រង់ពិ៖ កោះសន្តិភាព