បណ្តាញសង្គម

អ្នកជំនាញវិស័យខុនដូរ៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ធ្វើឲ្យការលក់ខុនដូរធ្លាក់ចុះខ្លាំង ភាគច្រើនជាគម្រោងថ្មីៗ (Video inside)

(ភ្នំពេញ)៖ លោកស្រី អាន សុធីតា អ្នកជំនាញវិស័យខុនដូរ និងជាអគ្គនាយិកា CBRE Cambodia បានលើឡើងថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» បានធ្វើឲ្យទីផ្សារលក់ខុនដូរនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង ដែលភាគច្រើនជាគម្រោងខុនដូថ្មីៗ។

លោកស្រីថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់អង្គភាពព័ត៌មាន Fresh News លើប្រធានបទ «ផលប៉ះពាល់នៃព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ មកលើវិស័យខុនដូរ»។

លោកស្រីបញ្ជាក់ថា បើប្រៀបធៀបពីមុន ជាមួយនឹងព្រឹត្តិការណ៍២០កុម្ភៈ ឃើញថា ព្រឹត្តិការណ៍២០កុម្ភៈ ជះឥទ្ធិពលខ្លាំងមកលើវិស័យអចលនទ្រព្យ និងវិស័យទីផ្សារខុនដូរក្នុងរាជធានីភ្នំពេញ ដោយឡែកសម្រាប់ការលក់មានការធ្លាក់ចុះ ចំពោះការលក់លើគម្រោងដែលរួចរាល់ ហើយការធ្លាក់ចុះខ្លាំងជាងនេះ ទៅលើការលក់គម្រោងថ្មីៗផងដែរ។

លោកស្រីបញ្ជាក់ទៀថា បើមើលពីស្ថានភាពលើវិស័យខុនដូរនៅកម្ពុជា ឃើញថា បើប្រៀបធៀបពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ការធ្លាក់ចុះក្នុងវិស័យខុនដូរនេះមានចន្លោះពី៥០-៦០ភាគរយ លើចំនួនការលក់សរុបទាំងអស់។

លោកស្រីបន្តថា វិស័យខុនដូរត្រូវបានគេចាត់ថ្នាក់ជាផ្នែកលំនៅដ្ឋាន នៃវិស័យអចលនទ្រព្យ ដូច្នេះចំពោះផ្នែកលំនៅដ្ឋាន គឺមិនសូវជាមានការប៉ះពាល់ជាមួយកូវីដ១៩នេះទេ ប្រសិនបើប្រៀបធៀបជាមួយវិស័យផ្សេងៗ ដូចជាវិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) និងវិស័យទីផ្សារលក់រាយ ក៏ប៉ុន្ដែវាក៏នៅតែទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

លោកស្រីបន្ថែមថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យខុនដូរមានការផ្ដោតទាំងស្រុង ទៅលើភ្ញៀវនៅក្នុងស្រុក ហើយទីផ្សារខុនដូមានការរីកចម្រើនលូតលាស់ ដោយសារអ្នកវិនិយោគក្នុងស្រុក មានបរិបទវិនិយោគដោយមើលឃើញពីកត្តា

ដូចជា មានទីតាំងនៅកណ្ដាលក្រុង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងតម្លៃក៏មានភាពសមរម្យ បើប្រៀបធៀបនឹងតម្លៃផ្ទះ នៅតំបន់ជាយក្រុង។

បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ មានការរីករាលដាលក៏ពិតមែន ចំពោះលោកស្រីមានការជឿជាក់ថា វ៉ាក់សាំងត្រូវបានចាក់ជាបណ្ដើរៗ

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាលប្រទេសផ្សេងទៀត ដូច្នេះទាំងអស់គ្នានឹងវិវត្តទៅរកភាពល្អប្រសើរឆាប់ៗ នៅរយៈពេល២ ទៅ៣ខែខាងមុខនេះ៕

 

ដកស្រង់ពី៖ Fresh News