បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ផាម មិញជិញ ដែលត្រូវបានតែងតាំងជា​នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសវៀតណាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលិខិត អបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសវៀតណាម។

តាមសម្តេចតេជោ តួនាទីដ៏សក្តិសមនេះ ឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម មកលើឯកឧត្តម ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើង ក្នុងរយៈពេល ៥៤ឆ្នាំ កន្លងមកនេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រពៃណី ដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ។

ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរ។

ក្នុងស្មារតីនេះ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមក្នុងសារលិខិតថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើង ធ្វើការយ៉ាងជិតស្និទ្ធទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា និងវៀតណាម នឹងអាចជម្នះបាននូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩

ដើម្បីផលប្រយោជន៍របស់ប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»។

សូមរម្លឹកថា ឯកឧត្តម ផាម មិញជិញ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម ជំនួសឯកឧត្តម ង្វៀន សួនហ៊្វុក។

ឯកឧត្តម ង្វៀន សួនហ៊្វុក មានអាយុ ៦៦ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាម កាលពីឆ្នាំ២០១៦។

នៅថ្ងៃទី៥មេសានេះ រដ្ឋសភាវៀតណាម បានជ្រើសតាំងឯកឧត្តម ង្វៀន សួនហ៊្វុក ជាប្រធានាធិបតីវៀតណាម។

នៅថ្ងៃទី៥មេសានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតអបអរសាទរឯកឧត្តម ង្វៀន សួនហ៊្វុក ក្នុងតំណែងថ្មីនេះផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព