បណ្តាញសង្គម

ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​កម្មករ​ដូ​ស​ទី​២ មកដល់​ពេល​នេះ​ជាង​៦​ម៉ឺន​នាក់ខណៈ​ដូ​ស​ទី​១​ជាង​១២​ម៉ឺន​នាក់

រាជធានីភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹក ថ្ងៃទី៣ខែ ឧសភាឆ្នាំ២០២១ ថាដំណើរការចាក់វ៉ាក់សាំងជូនកម្មករនិយោជិតក្នុងតំបន់ក្រហមទាំង៤ នៅក្នុងរាជធានីភ្នំពេញ (ខណ្ឌចំនួន៤) មានការសប្បាយចិត្ត និងធូរចិត្ត ដោយមកដល់ពេលនេះការចាក់វ៉ាក់សាំងមានចំនួន លោកបញ្ជាក់ថា ៖«

ក្នុងការសម្របសម្រួលក៏ដូចជា ការដោះស្រាយបញ្ហាជូនកម្មករសមរាប់ដូសទី២ រហូតដល់ពេលនេះជាបានជាង៦ម៉ឺននាក់ បើធៀបនឹងដូសទី១បានជាង១២ម៉ឺននាក់ ។

ដែលចំនួននៅសល់ជាង៦ម៉ឺននាក់ទៀត ដែលយើងគិតថា គាត់នៅជាប់គាំង នៅបណ្តាលស្រុកនៅជិតរាជធានីភ្នំពេញ ឬតំបន់បិទខ្ទប់ដែលមិនបានអញ្ជើញមក» ។

អ្នកនាំពាក្យក៏បានលើកឡើងថា ចំពោះការយកសំណាកកម្មករខាងក្រសួងការងារបានធ្វើកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីយកសំណាករបស់កម្មករដែលជាប់នៅតំបន់បិទខ្ទប់ផងដែរ ។

ជាក់ស្តែង បងប្អូនកម្មករនៅក្នុងខ័ណ្ឌមានជ័យការយកសំណាក បានជាង៩០ភាគរយ ដែលបញ្ហានេះបានធ្វើឲ្យចំនួនតួលេខចំពោះអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងបន្តិច បើធៀបនឹងការមិនទាន់យកសំណាក ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការងារក៏បានបង្ហាញក្តីរំពឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ចំនួនអ្នកឆ្លង ឬវិជ្ជមានជំងឺកូវីដ១៩នេះ មានការថយចុះវិញ បន្ទាប់ពីយកសំណាកនៅក្នុងភូមិដែលមានហានិភ័យខ្ពស់ ។

យ៉ាងណាមិញ លោក ហេង សួរ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក៏មានបងប្អូនកម្មករក៏ដូចជា ប្រជាពលរដ្ឋមួយចំនួនមិនការស្ទាក់ស្ទើរក្នុងការចេញមកយកសំណាកផងដែរ ដោយពួកគេគិតថា ការយកសំណាក់មានការពិបាក ប៉ុន្តែដោយសារមានការសម្របសម្រួលពីអាជ្ញាធរ និងអប់រំណែនាំមកមានបងប្អូនកម្មករបានចេញមកយកសំណាកដែលមានរយៈជាង៩០ភាគរយ ។

លោកបញ្ជាក់ថា ៖«ថ្ងៃនេះ អាចជាការបញ្ចប់ការយកសំណាកពីសំណាកបងប្អូនកម្មករក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទះជួលផងដែរ»។

ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងថា ដោយផ្អែកអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកន្លងមក ក្រសួងការងារបានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មដែលស្ថិតក្នុងតំបន់ពណ៌លឿងធ្វើការដំណើរការអាជីវកម្មខ្លួនឡើងវិញផងដែរ ។

ក្នុងឱកាសនោះដែរ លោកហេង សួរ ក៏បានឲ្យដឹងថា ក្នុងរយៈពេលដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មបើកដំណើរការឡើងវិញក្រសួងក៏បានចេញប័ណ្ណដឹកកម្មករ ដោយបានផ្តល់ប័ណ្ណជាង១៩០រួចហើយ ។

លោកក៏បានលើកឡើងថា ការដំណើរការអាជីវកម្មនៅតំបន់ពណ៌លឿងនេះ គេសង្កេតឃើញថា អាជីវកម្មមួយចំនួនបានបើក ប៉ុន្តែមិនទាន់ពេញលេញនោះទេ ។

ចំណែកចំពោះកន្លែងដែលនៅតំបន់លឿនទុំ និងក្រហមមិនអនុញ្ញាតឲ្យចេញពីផ្ទះនោះទេ ។

លោកក៏បានឲ្យដឹងថា រោងចក្រដែលបើកដំណើរមានចំនួន៩៥រោងចក្រប៉ុណ្ណោះ ដោយកម្មករនិយោជិតដែលចូលធ្វើការមានចំនួន៣០ភាគរយ ឬ១៥០០០នាក់បើធៀបនឹងចំនួនកម្មករទាំងអស់ ៕

ដកស្រង់ពិ៖ កោះសន្តិភាព