បណ្តាញសង្គម

កម្មករម្នាក់មកពីភ្នំពេញ​កើត​ជំងឺ​កូ​វី​ដបាន​ស្លា.ប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែងបានបញ្ជាក់ថា អ្នកជំងឺកូវីដម្នាក់ដែលបានស្លា.ប់បាត់បង់ជីវិតឈ្មោះ ស៊ីនួន សារ៉ាក់ ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ខេត្តព្រៃវែង ។

អ្នកជំងឺរូបនេះបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង កាលពីវេលាម៉ោង11និង30នាទីយប់ថ្ងៃទី10 ឧសភា។

ពេលអ្នកជំងឺរូបនោះចូលមកដល់ ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្តៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះអស់ពីសមត្ថភាពដែរ នៅតែមិនអាចជួយសង្គ្រោះបាន។

យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា អ្នកជំងឺឈ្មោះ ស៊ីនួន សារ៉ាក់ នេះគឺជាកម្មករសំណង់នៅគីឡូម៉ែត្រលេខ7 ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ហើយបានវិលត្រឡប់មកដល់ស្រុកកំណើតវិញកាលពីថ្ងៃទី 10 ឧសភា ហើយនៅយប់ថ្ងៃដដែល គាត់មានអាការៈក្តៅខ្លួនខ្លាំង ក្អកខ្លាំង ហត់ខ្លាំង ទើបក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងទាំងយប់

រហូតមកដល់ល្ងាចថ្ងៃទី12 ឧសភានេះក៏បានស្លា.ប់បាត់បង់ជីវិតដោយសារជំងឺកូវីដ19 ហើយត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធរ រៀបចំយកទៅធ្វើការបូជាស.ពទាំងយប់តែម្ដង។

គួរបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ ខេត្តព្រៃវែងមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បាននាំគ្នាធ្វើដំណើរចេញពីភ្នំពេញ ចូលមកកាន់ស្រុកកំណើតនៅក្នុងទឹកដីខេត្តព្រៃវែង

ហើយពួកគាត់ទាំងនោះមួយចំនួនបានរកឃើញមានវិជ្ជមានជំងឺកូវីដ19 ហើយត្រូវបានក្រុមគ្រូពេទ្យជំនាញនាំយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ ជាមួយគ្នានេះក៏បានធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ

ត្រូវជាប់ពាក់ព័ន្ធនឹងត្រូវនាំយកទៅធ្វើចត្តាឡីស័កជាច្រើននាក់ផងដែរ ដូច្នេះហើយទើបអាជ្ញាធរខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឲ្យឲ្យបានខ្ពស់អនុវត្តតាមវិធានការ 3 ការពារ 3កុំ

ហើយក្នុងករណីឃើញមានអ្នកមកពីខាងក្រោយដោយមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋានដើម្បីឲ្យមន្ត្រីជំនាញអាចចាត់វិធានការបានទាន់ពេលវេលា កុំឲ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍យើងតទៅទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព