បណ្តាញសង្គម

សម្តេច​ហេង សំ​រិ​ន ៖ ២០ ឧសភា ប្រជាពលរដ្ឋ​ចង​ចាំ​ឧក្រិដ្ឋ​កម្មប៉ុល​ពត​នឹង​នាំ​រក្សា​សន្តិភាព

រាជធានីភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា ថ្ងៃ២០ ឧសភា បានធ្វើឱ្យប្រជាពលរដ្ឋចង់ចាំមិនភ្លេចនៃរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប៉ុលពត ។

សម្តេចប្រធានរដ្ឋសភាបានសរសេរលើបណ្តាញសង្គមថា «ទិវាជាតិនៃការចងចាំ» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព ។

សម្តេចបញ្ជាក់ថា ៖ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ។

យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើង ដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ»។សម្តេចបន្តថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣

គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម ។

សម្តេចប្រធានរដ្ឋសភាលើកឡើងថា គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង ។

ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ ។

សម្តេចគូសបញ្ជាក់ថា«យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ ។

សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ» ។

ជាមួយគ្នានោះដែរ សម្តេចក៏សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្គ្រាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព