បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ ​៖ ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​កម្រិត​ខ្ពស់

រាជធានីភ្នំពេញ៖ យោងតាម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុការរីករាលដាលជំងឺកូវីដ-១៩ បានលើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវបិញក្នុងឆ្នាំ២០២១នេះ ប៉ុន្តែភាពមិនពិតប្រាកដនៅមានកម្រិតខ្ពស់នៅឡើយ ទាមទារឱ្យមានការដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចដោយផ្អែកលើសរសរស្តម្ភសំខាន់ៗចំនួន៣។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រសាសន៍ថាជំងឺកូវីដ១៩បានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គម រួមទាំង សុខភាពសាធារណៈ ការរំខានដល់ខ្សែចង្វាក់ផលិតកម្ម ការបាត់បង់ការងារ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលប្រទេស កម្ពុជាក៏មិនត្រូវបានរួចផុតពីការរីករាលដាលជំងឺនេះ។

ប្រការនេះបានធ្វើឱ្យផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះការនាំចេញបានធ្លាក់ចុះប្រមាណ -១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥%។

ឯកឧត្តមសង្កត់ធ្ងន់ថា«សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស»។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្អែកលើសសរស្តម្ភចំនួន ០៣ គឺ៖

១)- ការរស់ឡើងវិញ និងរស់រានមានជីវិត៖ ដោយគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ ,

២)- កំណែទម្រង់៖ ប្រែក្លាយវិបត្តិទៅជាឱកាសដោយបង្កើនការធ្វើពិពិធកម្មនិងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម

និង៣) -ពង្រឹងភាពធន់៖ តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនធានមនុស្ស រួមទាំងប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា មូលដ្ឋានសម្រាប់ការរៀបចំគម្រោងអនាគត និងកិច្ចសហការគោលនយោបាយ ត្រូវរៀបចំឡើង ជាលក្ខណៈយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពរឹងមាំ និងមានភាពធន់ ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងន័យនេះ កម្ពុជាត្រូវការលើកជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី ពន្លឿនកំណើនសេដ្ឋកិច្ច និងពង្រីកមូលដ្ឋានកំណើន ដោយមិនអាចកាត់ផ្តាច់ពីការបង្កើនសហគ្រិនភាព និងនវានុវត្តន៍បន្ថែមទៀត

ទាំងក្នុងវិស័យសាធារណៈ និងឯកជនតាមរយៈការបង្កើនបច្ចេកវិទ្យាឌីជីថល នៅក្នុងបណ្តាញផលិតកម្ម និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់សហ- គ្រាសខ្នាតតូច និងមធ្យម។

សមាសធាតុទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់រៀបចំគម្រោងអនាគតរបស់យើង ដោយប្រើប្រាស់ធនធានមានកំណត់របស់យើងប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព៕

ដកស្រង់ពី៖ កោះសន្តិភាព