បណ្តាញសង្គម

ស្រ្តីសម្រាលកូនជាង៥ពាន់នាក់ទទួលប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលស្មើថវិកាង២.២ពាន់លានរៀល

រាជធានីភ្នំពេញ ៖ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា ខែឧសភា ឆ្នាំ២០២១ ចំណាយថវិកាជាង២.២ពាន់ លានរៀលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនស្ត្រីសម្រាលកូន សមាជិក ប.ស.ស. ចំនួន៥៤៨០នាក់ និងមានកូនចំនួន៥៥៣៣នាក់ ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា បើទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេស គិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។

 

លោកបានណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទបន្តខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូន ដល់កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា ។

លោក លើកឡើងថា « ជាមួយគ្នានេះដែរ បេឡាជាតិសន្តិសុខសង្គម គ្រាន់តែក្នុងខែឧសភា ឆ្នាំ២០២១នេះ បានចំណាយថវិកាសរុបប្រមាណជាង

២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់ ។

នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស.»។សូមបញ្ជាក់ថា កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ

ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូននិងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព