បណ្តាញសង្គម

សហភាព​អឺរ៉ុប ផ្តល់ ៣,៥​លាន​ដុល្លារ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ជួយ​លើ​កូ​វីដ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល នៅ​កម្ពុជា​

ភ្នំពេញ៖ នៅសបា្តហ៍នេះ សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាព នាពេលអនាគតនៅកម្ពុជា។

នេះបើតាមសេចក្តីប្រកាស។សេចក្តីប្រកាស លើកឡើងថា សហភាពអឺរ៉ុប កំពុងវិនិយោគ ក្នុងទឹកប្រាក់សរុបជាង ២,៨ លានអឺរ៉ូ (៣,៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំ ខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈអង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។

 

ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា “ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកដើម្បីគាំទ្រការតៀមបង្ការ និងការឆ្លើយតប គឺបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការសម្រាប់ជួយប្រទេសមួយនៅក្នុងគ្រាលំបាក។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការយ៉ាងជិតស្និជា មួយនឹងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។”

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលជាងមួយទសវត្សមកនេះ ប្រទេសកម្ពុជា បាននិងកំពុងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមទាំងការត្រៀមបង្ការចំពោះជំងឺរាតត្បាតផងដែរ។

ការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយប្រទេសកម្ពុជា ក្នុងការត្រៀមបង្ការសម្រាប់បញ្ហាគ្រោះអាសន្នសុខភាពសាធារណៈបានប្រសើរជាងមុន។

”លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា “សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា “ក្រុមការងារប្រចាំអឺរ៉ុប” ទាំងមូល បានប្តេជ្ញារួមគ្នាធ្វើការជាមួយកម្ពុជាដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរ និងធានាឲ្យបានថាគ្មាននរណាម្នាក់ត្រូវបានមើលរំលងនោះឡើយ។

រហូតមកទល់នឹងពេលនេះ ក្រុមអឺរ៉ុប បានផ្តល់ថវិកាចំនួន ២,២ ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន ៩២ ដែលមានប្រាក់ចំណូលទាបនិងមធ្យមរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩តាមរយៈយន្តការកូវ៉ាក់។ យើងមានមោទនភាពដែលក្រុមអឺរ៉ុប គឺជាអ្នកចូលរួមចំណែកដ៏ធំបំផុតទៅឲ្យយន្តការកូវ៉ាក់នេះ។

” លោកេជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា “តាងនាមឲ្យសហភាពអឺរ៉ុប ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងជាមួយអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងកសាងប្រព័ន្ធ សុខាភិបាលមួយដែលធន់។

ការគាំទ្រនេះ កើតឡើងចំពេលគេត្រូវការវាបំផុត។ សាមគ្គីភាព និងសកម្មភាពរួមគ្នា មានសារៈសំខាន់ណាស់ ដើម្បីជំនះវិបតិ្តកូវីដ-១៩នៅកម្ពុជា នៅ អាស៊ាន និងនៅលើពិភពលោកទាំងមូល។

នៅពេលដែលយើងរួមគ្នា យើងខ្លាំងជាងមុន!។” ដោយអនុលោមតាមនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ក៏ដូចជាផែនការត្រៀមបង្ការ និងឆ្លើយតបជាយុទ្ធសាស្ត្រសកល និងយោងតាមយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិកសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតឡើងថ្មីៗ (APSED III) ការវិនិយោគថ្មីនេះ មានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាល និងដើម្បីគាំទ្រដល់ការត្រៀមបង្ការ និងការឆ្លើយតបចំពោះវិបតិ្តកូវីដ-១៩ នៅកម្ពុជា រួមទាំងអភិក្រមសម្រាប់ធ្វើការ និងជួយគាំទ្រក្រុមពលរដ្ឋដែលគេមិនអាចចូលទៅជួយកន្លងមក។

សេចក្តីប្រកាស លើកឡើងថា មូលនិធិនេះ នឹងត្រូវប្រើសម្រាប់គៀងគរវិស័យផ្សេងៗ និងសហគមន៍ ដើម្បីធានាឲ្យមានការចូលរួមក្នុងការបង្ការ ការតៀមបង្ការ និងការឆ្លើយតបទៅនឹងករណីម្តងម្កាល ករណីចង្កោម និងការឆ្លងសហគមន៍ ការទប់ស្កាត់ការឆ្លងវីរុស ហើយនិងកាត់បន្ថយករណីស្លាប់ដោយជំងឺកូវីដ-១៩។

សេចក្តីប្រកាស បន្តថា ជាផ្នែកមួយនៃការងារកំពុងដំណើរការរបស់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប បានសម្របសម្រួលការឆ្លើយតបជាអន្តរជាតិ ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបាន និងកំពុងពង្រឹងការចូលរួម និងកិច្ចសហប្រតិបតិ្តការរបស់ខ្លួនជាមួយនឹងដៃគូប្រតិបតិ្តការ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។

សហភាពអឺរ៉ុប គឺជាអ្នកសហការដ៏គួរឲ្យស្វាគមន៍បន្ថែមទៅលើដៃគូនានា ដែលបាន និងកំពុងឆ្លើយតបចំពោះវិបិត្តកូវីដ-១៩ នៅកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព