បណ្តាញសង្គម

សភា​កម្ពុជា ​និង​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស្តារ​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ​ប្រ​ទស​ទាំង​២​ក្រោយ​​កូ​វី​ដ​

រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរក្រោយពីកូវីដ-១៩ ។

ការសន្យានេះធ្វើក្នុងជំនួបពិភាក្សាការងាររវាង សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយ លោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជាទៅកាន់រដ្ឋសភាវៀតណាម ។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អជាប្រពៃណី និងមិត្តភាព ដែលមានតាំងពីយូរមកហើយនោះ។

សម្តេច ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង ។

ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ។សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា និងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ។

ជាមួយគ្នានេះ រដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង ។

ចំណែកលោកវឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង ។

លោកបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភាដែលទើបទទួលបានការគាំទ្រពីបក្ស និងរដ្ឋវៀតណាម ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ១៩បានបញ្ចប់ទៅ ។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាមបានសន្យារួមគ្នានៅក្នុងការបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំនុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ នៅក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្ត្រីឱ្យមានសកម្មភាពឡើង។

រដ្ឋសភាប្រទេសទាំពី បន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិការអន្តរសភា ទាំងនៅក្នុងតំបន់និងសកលលោក ។

ជាមួយគ្នានោះដែរសម្តេច ហេង សំរិន និងឯកឧត្តម វឿង ឌីញ ហ្វេ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលបោះបង្គោលព្រំដែនប្រទេសទាំងពីរសម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងសម្រេច ការងារដែលនៅសេសសល់ប្រមាណ១៦%ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាជនយើងទាំងពីរ។

ឆ្លៀតឱកាសនោះ សម្តេចហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមដែលបានផ្តល់ជំនួយថវិកាប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជាក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះគម្រោងបានកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស ។

នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព