បណ្តាញសង្គម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ១៩

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

មូលប្បទានបត្រចំនួន៣០ម៉ឺនដុល្លារនេះ ត្រូវបានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូនលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសក្នុងការចូលរួមជាមួយទីស្នាក់ការកណ្តាល ដើម្បីរៀបចំទិវា ៨ឧសភា នាពេលកន្លងមកប្រកបដោយភាពរលូន។

ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខា ក៏ដូចជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោក ឃួង ស្រេង ដែលបានដឹកនាំកម្លាំងសរុប និងប្រើប្រាស់មធ្យោបាយសរុប ក្នុងរាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ជួយដល់ដំណើរការចាក់វ៉ាក់សាំង និងផ្តល់ស្បៀងជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញនាពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងឧបត្ថម្ភថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាបន្តបន្ទាប់ និងសូមប្តេជ្ញាប្រើប្រាស់ថវិកាដ៏ថ្លៃថ្លានេះ ឱ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។

លោកបានបញ្ជាក់ថា ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ប្តេជ្ញាចិត្តរួបរួមគ្នាធ្វើកិច្ចការងារមនុស្សធម៌ ឱ្យបានល្អប្រសើរ ដើម្បីឧត្តមភាពនៃកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងខិតខំប្រឹងប្រែងស្វែងរកចំណូលថវិកាបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងរាជធានីភ្នំពេញ។

លោកបន្ដទៀតថា ការរីករាលដាលជម្ងឺ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានចំនួនជាង ៤៥ម៉ឺនគ្រួសារហើយ គិតមកដល់ពេលនេះ។

សកម្មភាពនៃការផ្ដល់អំណោយចែកជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពកូវីដ១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង

ព្រោះការពារខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះ មិនទាន់មានប្រទេសណាមួយ អាចធ្វើបានដូចប្រទេសកម្ពុជាយើងនូវឡើយទេ៕

ដកស្រង់ពី៖ Fresh News