បណ្តាញសង្គម

សេវា​កាន់តែ​កៀក ប្រជាពលរដ្ឋខ្មែរ លែង​ពិបាកធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ

រាជធានីភ្នំពេញ ៖ កន្លងមកការធ្វើសៀវភៅគ្រួសារ ជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត តែពេលនេះលែងពិបាកសាំញ៉ាំច្រើនទៀតហើយ ត្រូវចុះហត្ថលេខាត្រឹមអធិការនគរបាលស្រុក ឬខណ្ឌ តែប៉ុណ្ណោះ ។

ចំណែកឯ សៀវភៅស្នាក់ ត្រូវផ្ទេរពីអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ មកឲ្យត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ឬសង្កាត់ ចុះហត្ថលេខាជំនួសវិញ ។

បើយោងតាមលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី០៣ មិថុនា ២០២១នេះថា សេវាកាន់តែទៅកៀកប្រជាពលរដ្ឋហើយ មន្ត្រីទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវតែធ្វើឲ្យបានឆាប់រហ័សបំផុត ព្រោះចុះហត្ថលេខា ត្រឹមលោកអធិការខណ្ឌ និងលោកនាយប៉ុស្តិ៍ តែប៉ុណ្ណោះ ។

ក្រោយការអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត មួយរយៈពេលកន្លងមកនេះ មន្ត្រីថ្នាក់ក្រោមតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភាគច្រើនបានអនុវត្តការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេស គឺការប្រើប្រាស់ពាក្យសម្តី និងកាយវិការសមរម្យជាមួយប្រជាពលរដ្ឋ

ក៏ដូចជាការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា នៅតែមានមន្ត្រីមួយចំនួនតូច អនុវត្តមិនទាន់បានល្អ ជូនប្រជាពលរដ្ឋ ដូច្នេះត្រូវតែកែប្រែទម្លាប់នេះ មកបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទទួលបាននូវភាពទុកចិត្ត និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ។

បើមានករណីយឺតយាវ និងបម្រើប្រជាពលរដ្ឋមិនបានល្អ សូមទំនាក់ទំនងលេខទូរសព្ទ ៖ 069 516 999 ។ គួររម្លឹកដែរថា កាលពីថ្ងៃទី១ កក្កដាឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចកែសម្រួលសមត្ថកិច្ចរបស់នគរបាលជាតិ ក្នុងការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ។

សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ ។

ដោយឡែកសៀវភៅស្នាក់នៅ ដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ ។

សូមបញ្ជាក់ថា ជនបរទេសគ្មានសិទ្ធិកាន់កាប់ប្រើប្រាស់សៀវភៅគ្រួសារនេះទេ ។

ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណាដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕

ដកស្រង់ពី ៖ កោះសន្តិភាព