បណ្តាញសង្គម

សមាគម​ហិរញ្ញវត្ថុ​បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុបីបានរួមគ្នាក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយបានផ្សព្វផ្សាយពីអាជីវកម្មថ្មីមួយដែលធនាគារជាតិនៃកម្ពុជាទើបតែចេញផ្សាយកាលពីចុងខែមីនា ២០២១ សម្រាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើប្រតិបត្តិការ គឺប៊េងសួរេន ។

នៅក្នុងសិក្ខាសាលាមួយកាលពីព្រឹកថ្ងៃទី០៣មិថុនា ២០២១ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលសមាគមទាំងបី បានរួមសហការគ្នារៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវមុខងារប៊េងកាសូរេនដើម្បីកសាងនូវទំនុកចិត្តដល់សាធារណជន

និងលើកកម្ពស់ចំណេះដឹងផ្នែកទីផ្សារធានារ៉ាប់រង ដោយផ្តល់ឲ្យសាធារណជននូវមូលដ្ឋានគ្រឹះនៃការយល់ដឹងពីភាពចាំបាច់នៃវិស័យធានារ៉ាប់រង និងទិដ្ឋភាពនៃទីផ្សារធានារ៉ាប់រងនិងផលិតផលរបស់ខ្លួន ដែលផ្សារភ្ជាប់រវាងវិស័យធនាគារនិងវិស័យធានារ៉ាប់រង។

លោកបណ្ឌិតបញ្ជាក់ថា កិច្ចពិភាក្សានេះ ក៏ស្របតាមប្រកាសនិងក្របខ័ណ្ឌបទប្បញ្ញត្តិ របស់ធនាគារជាតិនៃកម្ពុជា សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឲ្យសាធាណជនទទួលបានសេវាធានារ៉ាប់រង នឹងពង្រឹងកិច្ចការពារអតិថិជន។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានថ្លែងថា សិក្ខាសាលានេះ នឹងដើរតួនាទីយ៉ាងសំខាន់ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និតរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ដើម្បីឲ្យប្រតិបត្តិការប៊េងកាសូរេនកាន់តែមានការរីកចំរើនទៅមុខជាលំដាប់។ ការភ្ជាប់ទំនាក់ទំនងនៃវិស័យទាំងពីរ ក៏នឹងចូលរួមបង្កើនការយល់ដឹង និងទំនុកចិត្តដល់អតិថិជន សាធារណជន មកលើសេវាធានារ៉ាប់រងនៅកម្ពុជាផងដែរ។

លោកបូរាណបន្តថា ផ្អែកតាមបទពិសោធន៍តាមគ្រឹះស្ថានហិរញ្ញវត្ថុកន្លងមក ហេតុផលដែលអតិថិជនមួយចំនួនជួបការក្ស័យធន់ ឬបរាជ័យគឺរួមមាន បញ្ហាសុខភាព គ្រោះថ្នាក់ដោយចៃដន្យ រួមទាំងគ្រោះធម្មជាតិផងដែរ។

ដូច្នេះដើម្បីចូលរួមពង្រឹងការកាពារអតិថិជនបន្ថែមទៀត តាមរយៈផលិតផល និងសេវាកម្មធនារ៉ាប់រង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យទាំងអស់នេះ។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា សេវាធានារ៉ាប់រង គឺជាឧបករណ៍គ្រប់គ្រងហានិភ័យសម្រាប់ការពារសុវត្ថិភាពនិងស្ថិរភាព ហិរញ្ញវត្ថុរបស់បុគ្គល និងធុរជននៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។

លោកថា វិស័យធានារ៉ាប់រង និងធនាគារនិងហិរញ្ញវត្ថុ គឺជាសរសរស្តមដែលមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតនៅក្នុងវិស័យហិរញ្ញវត្ថុ។

សេវាធានារ៉ាប់រង ផ្តល់ជាសំណាញ់សុវត្ថិភាពសម្រាប់ការពារស្ថិរភាពហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធុរកិច្ច, គាំទ្រដល់ការធ្វើពាណិជ្ជកម្ម,

ជំរុញការធ្វើវិនិយោគនិងការផ្តល់ឥណទានធនាគារដោយសារហានិភ័យឥណទានត្រូវបានកាត់បន្ថយក្រោមការការពាររបស់ ប័ណ្ណសន្យារ៉ាប់រង ព្រមទាំងប្រមូលផ្តុំនិងពូនគរមូលនិធិដែលអាចយកទៅវិនិយោគ នៅក្នុងប្រព័ន្ធធនាគារ និងទីផ្សារមូលនិធិ ដែលជាកត្តារួមចំណែកដល់ការបង្កើនលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់វិស័យអាជីវកម្ម និងផលិតកម្មនានា។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា នាពេលកន្លងមក ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ១៨និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ០២ផ្តល់សេវាប៊េងកាសួរេន តាមរយៈម៉ូដែលណែនាំអតិថិជនឬ Referral តែប៉ុណ្ណោះ មានន័យថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចណែនាំអតិថិជនទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជាដៃគូ ដោយគ្មានសិទ្ធិលក់ផលិតផលធានារ៉ាប់រងដោយផ្ទាល់ទេ។

លោកបន្តថា ការអនុញ្ញាតតែម៉ូឌែលណែនាំអតិថិជននេះ ជាឧបសគ្គដល់ក្រុមហ៊ុនធានារ៉ាប់រង មិនអាចផ្តល់សេវាប៊េងកាសួរេន ឲ្យបានទូលំទូលាយដល់អតិថិជន ហើយការអនុញ្ញាតនេះ មិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់នៅឡើយទេ ព្រោះជាដំណាក់កាលសាកល្បងទីផ្សារ ។

លោកបន្តថា ធនាគារជាតិនៃកម្ពុជា យល់ពីសារៈសំខាន់នៃប៊េងកាសួរេន ចំពោះវិស័យធនាគារនិងវិស័យធានារ៉ាប់រង អតិថិជន និងសង្គមទាំងមូល ហើយជារួមធនាគារជាតិនៃកម្ពុជា គាំទ្រដល់ការផ្តល់សេវាប៊េងកាសួរេនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប៉ុន្តែក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ

យើងតែងតែមានការព្រួយបារម្ភអំពីហានិភ័យដែលអាចកើតមានពីសេវានេះ ជាពិសេសហានិភ័យកេរ្តិ៍ឈ្មោះ ប្រសិនបើបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពន្យល់អតិថិជនអំពីផលិតផលធានារ៉ាប់រង មិនបានត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រង ក៏បានលើកឡើងថា វិស័យធានារ៉ាប់រង និងវិស័យធនាគារនិងហិរញ្ញវត្ថុ គឺជាសរសរស្តម២ ដែលមាន ទំនាក់ទំនង ជិតស្និតជាមួយគ្នា នៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរណ៍បែប និងទូលំទូលាយដល់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន។

ឯកឧត្តមអគ្គនាយកក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព ចំពោះបុគ្គលិកដែលផ្តល់សេវាជូនអតិថិជន តាមយន្តការប៊េងកាសួរេននេះ សំដៅធានាបាននូវភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធិភាពនៃផលិតផលធានារ៉ាប់រងសម្រាប់អ្នកប្រើប្រាស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព