បណ្តាញសង្គម

កម្ពុជា​ស្នើ​ឆែក​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​វិនិយោគ​មក​កាន់​កម្ពុជា​បន្ថែម

រាជធានីភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំបានស្នើដល់លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឆែកថ្មីប្រចាំកម្ពុជា ដើម្បីជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា និងជួយលើកទឹកចិត្តប្រជាជនឆែក មកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសបន្ទាប់ពីជំងឺកូវីដ១៩ បញ្ចប់។

ការស្នើនេះត្រូវបានធ្វើឡើង ក្នុងជំនួបរវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានិង អគ្គរដ្ឋទូវិសាមញ្ញ និងពេញសមត្ថភាពនៃសារណរដ្ឋឆែកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក Martin Vávra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសកិច្ច សហប្រតិបត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលកាលពីខែធ្នូ ឆ្នាំ២០១៧ លោក Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារដ្ឋឆែក បានមកបំពេញទស្សនកិច្ច នៅកម្ពុជា។

លោក Martin Vávra បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀតជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេសជំរុញអ្នកទេសចរឆែក មកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយអតីតថ្នាក់ដឹកនាំឆែកជំនាន់មុន។

រហូតមកដល់ពេលនេះនាក់ទំនងការទូតប្រទេសទាំងពីរ មានរយៈពេល ៦៥ឆ្នាំ ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។

ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តីបានប្រសិទ្ធពរជូនថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋឆែក សូមបន្តទទួលបាន នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខ្លាំងក្លាប្រកប ដោយវឌ្ឍនភាព វិបុលភាព និងសូមប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរ កាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែង។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។

ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការបង្កើតយន្តការពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ៕

ដកស្រង់ពី៖ កោះសន្តិភាព