បណ្តាញសង្គម

ចិនបន្តគាំទ្រការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសផ្សព្វផ្សាយពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈ ស្ដីពី ការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ក្រសួងការបរទេសកម្ពុជា ប្រកាសថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុនបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១-២០២១)។

លោកបានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។

ចំណែក លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិន ដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

ចិន ក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។

ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ។

ក្រសួងការបរទេស ប្រកាសថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរគឺ៖ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍

និងព័ត៌មាន និងគម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្រាប់ឆ្នាំ២០២១-២០២៥ ក៏ដូចជាការសម្ពោធនូវការបើកការិយាល័យកុងស៊ុលចិននៅខេត្តព្រះសីហនុ។

នៅរសៀលថ្ងៃទី៨មិថុនានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ និងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ដុន ប្រាមុតវីណៃ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ៕

ដកស្រង់ពី៖ កោះសន្តិភាព