បណ្តាញសង្គម

អាជ្ញាធរ​រាជធានី​ភ្នំពេញនឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ ផ្ទះ​បណ្តែត​ទឹក តូច​ធំ បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​នៅ​ចុង​ស​ប្តា​ហ៍​នេះ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចតាមបណ្តារដ្ឋបាលខណ្ឌដែលជាប់នឹងផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានចុះផ្សព្វផ្សាយអប់រំចំពោះអ្នករស់នៅ និងអ្នកប្រកបមុខរបនៅលើផ្ទៃទឹកទន្លេ ។

នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហោះ ។ដោយឱ្យពួកគាត់ប្រញ៉ាប់រុះរើទីឋានស្នាក់នៅដូចជា ផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ ដោយតម្រូវឱ្យពួកគាត់ត្រូវរុះរើស្ម័គ្រចិត្ត មុនថ្ងៃកំណត់នៃឱសានវាទដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះអនុវត្តប្រើប្រាស់កម្លាំងសមត្ថកិច្ចមករុះរើ និងបានព្រមានអនុវត្តវិធានការផ្លូវច្បាប់ ក្នុងករណីអ្នករស់នៅលើផ្ទៃទឹកទន្លេទាំងនោះមិនគោរពអនុវត្តវិធានការនេះ ។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្តែតទឹក តូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងនោះ ។

បើតាមប្រភពព័ត៌មានពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញឱ្យដឹងថា ខណ្ឌចំនួន០៧ ក្នុងរាជធានីភ្នំពេញ មានភូមិសាស្ត្រជាប់ទន្លេរួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ, ខណ្ឌចំការមន ,ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។

ប៉ុន្តែខណ្ឌដែលមានសំណង់មិនរៀបរយ និងការប្រកបមុខរបររស់នៅលើផ្ទៃទឹក មានភាពស្មុគស្មាញខ្លាំង គឺនៅក្នុងខណ្ឌចំនួន០៤រួមមានៈ ខណ្ឌច្បារអំពៅ, ខណ្ឌជ្រោយចង្វារ, ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ។

ក្នុងអំឡុងពេលអាជ្ញាធរសមត្ថកិច្ចរដ្ឋបាលខណ្ឌជាប់ទន្លេ ចុះផ្សព្វផ្សាយអប់រំឱ្យរុះរើដោយស្ម័គ្រចិត្ត គឺរហូតដល់ពេលនេះ មានអ្នកមួយចំនួនតូចប៉ុណ្ណោះបានរុះរើ និងចល័តទៅតំបន់ផ្សេង ។

ទន្ទឹមនោះក៏មានការតវ៉ា និងសំណូមពរឲ្យមានការពន្យារពេលការរុះរើ ដោយលើកឡើងពីហេតុផលផ្សេងៗដែលជាភាពលំបាក និងបញ្ហាប្រឈមការខាតបង់ប៉ះពាល់ជីវភាពនៅពេលដែលការអនុវត្តតម្រូវឱ្យរុះរើរយៈពេល០៧ថ្ងៃ មានភាពបន្ទាន់ពេក ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអាណាធិបតេយ្យនេះបានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី

និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ ។

ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះ គឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព