បណ្តាញសង្គម

ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ស៊ុ​យ​អែ​ត​នៅ​មាន​កម្រិត​នៅឡើយ

រាជធានីភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជា និងស៊ុយអែតនៅមានកម្រិតនៅឡើយ ជាក់ស្ដែងមកដល់ពេលនេះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានត្រឹមតែជាប្រមាណជាង៦០លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ជាក់ស្ដែងរយៈពេល៥ខែដំបូង ការនាំចេញនាំចូលរវាងកម្ពុជា និងស៊ុយអែត មានប្រមាណ២៣លានដុល្លារអាមេរិកប៉ុណ្ណោះ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោយជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងទូតស៊ុយអែតប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៥មិថុនា ២០២១នេះ ឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសស៊ុយអែត រយៈពេល៥ខែដើមឆ្នាំ២០២១នេះ សម្រេចបាន ២៣លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈឆ្នាំ២០២០ទាំងមូលសម្រេចបាន៦៤លានដុល្លារអាមេរិក ។

ក្នុងជំនួបនេះភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ រដ្ឋមន្ដ្រីពាណិជ្ជកម្មកម្ពុជា បានជម្រាប ឯកអគ្គរាជទូត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសំណូមពរ ឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។

ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច ។

លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតស៊ុយអែត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។

លោក ក៏បានគូសបញ្ជាក់ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលដែលអាចកកើតឡើងវិញ ។

លោក ជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត ៕

ដកស្រង់ពី៖ កោះសន្តិភាព