បណ្តាញសង្គម

អ្នកនាំពាក្យ​ ៖ សូម​ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ទារ​លុយ​ពី​ពលរដ្ឋ​ជាថ្នូរ​ទទួល​​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូ​វី​ដ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះអ្នកដែលធ្វើការទារលុយពីប្រជាពលរដ្ឋជាថ្នូរក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ។

ការបញ្ជានេះ ខណៈលោកជំទាវបានទទួលព័ត៌មានថា មានជនខិលខូចមួយចំនួនបានធ្វើការទារលុយពីប្រជាពលរដ្ឋក្រោមលេសបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើទារលុយពីប្រជាពលរដ្ឋ ដើម្បីជាថ្នូរក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយមានជន ខិលខូចទារលុយពីប្រជាពលរដ្ឋបែបនេះ ។

ក្នុងឱកាសប្រគល់ថវិកាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចំនួន១០រៀល ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៣ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន ប្រាប់ក្រុមអ្នកសារព័ត៌មានថា បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងមានល្បឿនលឿន ហើយផែនការចាក់ឲ្យបាន១០លាននាក់ នឹងទទួលជោគជ័យ នាពេលឆាប់ៗនេះ ។

លោកជំទាវថា ការចាក់វ៉ាក់សាំងនេះ រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលការណ៍យកថវិកាឡើយ ។

លោកជំទាវបញ្ជាក់ថា ៖«បច្ចុប្បន្ននេះមានជនខិលខូចធ្វើជាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបានទារលុយពីអ្នកចាក់វ៉ាក់សាំង ហើយក្រសួងក៏បានដោះស្រាយបញ្ហាទាំងនេះរួចរាល់ដែរ» ។

ជាមួយគ្នានោះដែរ លោកជំទាវបានប្រកាសថា ការចាក់វ៉ាក់សាំង គឺគ្មានគោលយកថវិកាឡើយ បើមានជនណាយកថវិកាត្រូវរាយការទៅក្រសួងសុខាភិបាលភ្លាមៗ ដើម្បីចាក់វិធានការតាមផ្លូវច្បាប់ ។

លោកជំទាវ បន្ថែមថា ក្រសួងសុខាភិបាលធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋទទួលបាន វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងត្រឹមត្រូវ និងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។

លោកជំទាវគូសបញ្ជាក់ថា ៖«ខ្ញុំសូមប្រកាសថា ជនខិលខូចត្រូវដកខ្លួនចេញ សូមឈប់ប្រព្រឹត្តិនូវអំពើនេះ (ទារយកលុយ) អស់លោកមិនចំណេញអីទេ ទារគាត់៤០ដុល្លារ យកទៅមិនរស់ទេ ហើយវាអាក្រក់ទៀត ហើយសំខាន់នោះ ខុសអំពីគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ចឹងបើសិនជនប្រព្រឹត្តិបែបនេះមានន័យថា គាត់ប្រព្រឹត្តិខុសច្បាប់ ចឹងប្រយ័ត្នរកមុខឃើញ ត្រូវទទួលទោសតាមផ្លូវច្បាប់ហើយ» ។

លោកជំទាវក៏បានបញ្ជាក់ទៀតថា ៖«សូមឲ្យបញ្ឈប់ជាបន្ទាន់ ប្រសិនបើកន្លែងណា មួយមានហេតុការនេះកើតឡើង (ទារយកលុយ) ហើយសូមបងប្អូនកុំចាញ់បោកបន្ដទៀត ហើយបងប្អូនកុំភ័យ កុំខ្លាចអ្វីទាំងអស់» ។

លោកជំទាវក៏បានលើកឡើងថា ក្រោយមានប្រជាពលរដ្ឋមួយចំនួនចោទសួរថា មូលហេតុអ្វីចាក់វ៉ាក់សាំងកូវីដ-១៩ហើយ នៅឆ្លងជំងឺកូវីដ-១៩ទៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានឆ្លើយតបវិញថា ទោះបីប្រជាពលរដ្ឋចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ នៅតែឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមិនប្រុងប្រយ័ត្នចំពោះខ្លួនឯង ត្រូវបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងថា បើសិនវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ ហើយក្រុមគ្រូពេទ្យខាងកងទ័ពចុះជួយចាក់ជូនប្រជាពលរដ្ឋនោះ ការចាក់វ៉ាក់សាំងនឹងឆាប់ជាងនេះ ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៣,០០០,២៦៤នាក់ ។

សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ មកដល់ ពេលនេះបានចំនួន៣០% ហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព