បណ្តាញសង្គម

ក្រសួងកសិកម្ម ៖ បណ្តាញទីផ្សារត្រីភាគច្រើននៅក្នុងដៃអ្នកនាំចូល

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីផលលំបាក និងឧសគ្គមួយចំនួនសម្រាប់អ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា ទំាងលើបញ្ហាទីផ្សារ បច្ចេកទេសចិញ្ចឹម និងវត្ថុធាតុដើមផលិតកម្ម ។

បើតាមក្រសួងកសិកកម្ម ទីផ្សារចែកចាយត្រីបច្ចុប្បន្នភាគច្រើនបានគ្រប់គ្រងដោយអាជីវករនាំត្រីចូល ដែលធ្វើឲ្យត្រីអ្នកចិញ្ចឹមក្នុងស្រុកគ្មានឬពិបាករកទីផ្សារ ។

ទំនងជាការឆ្លើយតបចំពោះបញ្ហារបស់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុកដែលបានត្អូញជាច្រើនខែមកហើយ ថាត្រីរបស់ពួកគាត់ចិញ្ចឹមបានពិបាកលក់ ឈ្មួញកណ្តាលឲ្យថោក ជាពិសេសផលិតផលក្នុងស្រុកមិនអាចប្រកួតប្រជែងត្រីនាំចូលនោះ ក្រសួងកសិកម្ម រុក្ខាបករមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី ១៥ មិថុនាឆ្នាំ ២០២១ ដោយបានបញ្ជាក់ពីស្ថានភាពត្រី ការទទួលទានត្រីរបស់ពលរដ្ឋខ្មែរ ការចិញ្ចឹមត្រី និងផលលំបាក រួមទំាងឧបសគ្គនៅកិច្ចការវារីវប្បកម្មរបស់កសិក ។

ក្រសួងដែលទទួលបន្ទុកលើការងារជលផលនេះ បានពន្យល់ថា ការប្រកួតប្រជែងទីផ្សារក្នុងស្រុក វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងជាមួយផលិតផលនាំចូលបានទេ ដោយាសារមូលហេតុ ជ្រើសរើសភូមិសាស្ត្រចិញ្ចឹមត្រីមិនមានលក្ខណៈសមស្រប ដូចជាខ្វះប្រភពទឹក បរិស្ថានជុំវិញមិនគាប់ប្រសើរ ។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំណីនៅក្នុងការចិញ្ចឹមមានតម្លៃខ្ពស់ ។

បណ្តាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយជាច្រើនគ្រប់គ្រងដោយអាជីវករនាំចូល ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម ថែមទំាងបញ្ជាក់ថា យន្តការត្រួតពិនិត្យការនាំចូលមានភាពស្មុគស្មាញទំាងបរិមាណ គុណភាព និងកាតព្វកិច្ចនានាសម្រាប់អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវច្រើន ។

វិស័យវិនិយោគលើការធ្វើវារីវប្បកម្មខ្វះដើមទុន ខ្វះចំណេះដឹងក្នុងការសិក្សាពីទីផ្សារក្នុង និងក្រៅប្រទេស គូសផ្សំតម្លៃដឹកជញ្ជួនក្នុងស្រុកនិងការនាំចេញ តម្លៃសេវាក្នុងការផលិត ការកែច្នៃ និងស្តុកមានតម្លៃខ្ពស់ ។

ការលើកឡើងរបស់ក្រសួងកសិកម្ម តាមពិតទៅអ្នកចិញ្ចឹមត្រីក៍បានដឹងដែរ ។

អ្នកចិញ្ចឹមត្រីម្នាក់នៅខេត្តកំពង់ចាមថា វត្ថុធាតុចិញ្ចឹមត្រីនៅកម្ពុជាមានតម្លៃខ្ពស់ ថ្លៃទឹកភ្លើងអគ្គិសនី ចំណី ទឹក សុទ្ធតែថ្លៃជាងប្រទេសវៀតណាម និងថៃ ដែលធ្វើឲ្យផលិតផលត្រីចិញ្ចឹមរបស់គេលក់លើទីផ្សារបានថោក ។

អ្នកចិញ្ចឹមត្រីលើកឡើងថា ពួកគាត់ចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបញ្ហាកសិករ ហើយសូមពរលើបញ្ហាទំាងអស់នោះ បានលើកឡើងច្រើនខែមកហើយ ។

ក្រសួងកសិកម្ម តាមសេចក្តីជួនដំណឹងដដែលនោះបានត្រឹមបញ្ជាក់ថា ក្នុងបរិការណ៍នេះ ក្រសួងបានប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម “រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ៕

ដកស្រង់ពី៖ កោះសន្តិភាព