បណ្តាញសង្គម

ថ្ងៃដំបូងនៃប្រតិបត្តិការតាមខេត្ត កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៦ម៉ឺននាក់

(ភ្នំពេញ)៖ បន្ទាប់ពីបានបិទបញ្ចប់ទាំងស្រុងនូវការចាក់ដូសទី១នៅក្នុងរាជធានីភ្នំពេញនោះ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត។

យោងតាមរបាយការណ៍បានបង្ហាញថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនេះ បានធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ ព្រះកោះកុង កំពង់ស្ពឺ និងតាកែវ។

របាយការណ៍បានបង្ហាញទៀតថា ប្រតិបត្តិការនៅថ្ងៃដំបូងនេះ ក្រុមការងាររបស់ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន ៥៨,៣០៩នាក់ ស្រី ៣៤,៥៧២នាក់។

ជាមួយការបើកប្រតិបត្តិការនៅតាមខេត្តនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានចុះទៅពិនិត្យការងារចាក់វ៉ាក់សាំងនៅក្នុងខេត្តព្រះសីហនុ និងគ្រោងចុះទៅតាមបណ្តាខេត្តមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ថា ដោយសារតែកងទ័ពមានបទពិសោធន៍ច្រើនក្នុងប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ ដូច្នេះការចាប់ផ្តើមដំណើរការចាក់តាមបណ្តាខេត្តក៏មិនសូវជាមានបញ្ហាប្រឈមនោះឡើយ ខណៈអាជ្ញាធរមូលដ្ឋានបានចូលរួមសហការបានល្អប្រសើរ។

លោក ឥត សារ៉ាត់ បានកត់សម្គាល់ឃើញផងដែរថា ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក៏បានជ្រូតជ្រាប និងយល់ដឹងច្រើនពីគុណតម្លៃរបស់វ៉ាក់សាំង ហើយបានចូលរួមចាក់យ៉ាងផុលផុស។

បើទោះបីជាយ៉ាងណា លោក ឥត សារ៉ាត់ នៅតែក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងមកពីក្រសួងការពារជាតិទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការងារធ្វើយ៉ាងណាឱ្យការចាក់ជូនប្រជាពលរដ្ឋទទួលបានជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាល។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយប្រកាន់ខ្ជាប់នូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាលក្នុងការបង្ការការចម្លងជំងឺកូវីដ១៩៕

ដកស្រង់ពី៖ Fresh News