បណ្តាញសង្គម

ព័ត៌មានខ្លីៗឡើង​កាន់​តំណែង​​ជាង​មួយ​ឆ្នាំ រដ្ឋមន្រ្តី​ថ្មី​​ក្រសួង​ប្រៃសណីយ៍​សម្រេច​ការងារ​ធំៗ ៤ ​ខ្លះ​ចាក់​ស្រេះ​​​រាប់​ឆ្នាំ​ដោះ​មិន​ចេញ

ឯកឧត្តមជា វ៉ាន់ដេត បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅខែមីនាឆ្នាំ២០២០ អំឡុងពេលដែលប្រមុខរដ្ឋាភិបាល បានសម្រេចដោះដូររដ្ឋមន្រ្តីមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារ។

ក្នុងអំឡុងកាន់តួនាទីជាថ្នាក់ដឹកនាំនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាងមួយឆ្នាំ មន្រ្តីដែលមានបទពិសោធន៍កាន់ការងាររដ្ឋជាង ២០ ឆ្នាំនេះ បានសម្រេចការងារធំៗចំនួន ៤ ដែលការងារខ្លះបានចាក់ស្រេះរាប់ឆ្នាំដោះមិនចេញ ទើបតែសម្រេចក្នុងអណ្ណត្តិរបស់លោក។

១/ ដាក់ឲ្យប្រើលេខកូដ ផ្តាច់សេវាកាត់លុយគ្មានមូលហេតុ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់លេខកូដ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការគ្រប់ប្រព័ន្ធទាំងអស់។

ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់មិនចេះចប់ អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទ ពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗ ដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់រាល់សេវាបន្ថែម ដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ។

ក្រសួងសូមបញ្ជាក់ថា ប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖ – សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអីុនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។

– សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម។

អ្នកប្រើប្រាស់ទូរសព្ទភាគច្រើន អាចមានជួបប្រទះបញ្ហាកាត់ទឹកប្រាក់ ដោយសារ «សេវាឌីជីថល»។

២/ ដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code ប្រយុទ្ធកូវីដ ១៩ក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ បានសម្រេចប្រកាសដាក់ឲ្យដំណើការប្រព័ន្ធបច្ចេកវិទ្យា QR Code ឬ stopcovid.gov.kh ដើម្បីប្រយុទ្ធជំងឺកូវីដ១៩។

ប្រព័ន្ធបច្ចេកវិទ្យានេះបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការចេញចូលនៃអ្នកដំណើរ តាមទីតាំងអាជីវកម្មមានដូចជាភោជនីយដ្ឋាន កន្លែងកម្សាន្ត កន្លែងស្នាក់នៅ រោងចក្រសហគ្រាសនានា ដែលតម្រូវឲ្យម្ចាស់អាជីវកម្មយកទៅព្រីនបិទនៅច្រកចេញចូល ដើម្បីផ្តល់ភាពងាយស្រួលដល់ក្នុងការស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានរកឃើញករណីវិជ្ជមានកូវីដ១៩។

ប្រព័ន្ធនេះ នឹងកត់ត្រាទុកនូវទីតាំងរបស់បុគ្គលដែលបានចេញ ឬចូលទៅក្នុងជាប្រព័ន្ធ ងាយស្រួលដល់ការស្រាវជ្រាវទាន់ពេលវេលា។

៣/ បង្កើតពន្ធលើសេវាឌីជីថល កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល និងសេវាឌីជីថលដែលធ្វើប្រតិបត្តិតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។

ការអនុវត្តពន្ធនេះនឹងផ្តោតលើការផ្គត់ផ្គង់ទំនិញឌីជីថល ដោយអ្នកជាប់ពន្ធដែលមិនមានទីលំនៅក្នុងប្រទេសកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម សិក្សាពីលទ្ធភាពដើម្បីឈានទៅដល់ការរៀបចំការងារបច្ចេកទេស និងគោលនយោបាយនៃការកំណត់ពន្ធលើសេវាឌីជីថល(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា។

ដោយសហការជាមួយភាគីពាក់ព័ន្ធលើបញ្ហាផ្លូវច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីឈានទៅដល់ការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានជួបជាមួយភាគីពាក់ពន្ធជាច្រើនក្នុងនោះមានដូចជាក្រុមហ៊ុនFacebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម។

ការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល ជាការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន (Cross-border E-Commerce)។

៤/ ដំណើរការកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR) កាលពីថ្ងៃ ១១ មិថុនា ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលមានឯកឧត្តម ជា វ៉ាន់ដេតជារដ្ឋមន្រ្តី បានដាក់ឲ្យដំណើរការកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទមានឈ្មោះ Khmer ASR។

កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) បំប្លែងសំឡេងទៅជាអត្ថបទ សម្រួលដល់ការសរសេរបានឆាប់រហ័ស។ កម្មវីធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS។ រាល់ការនិយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG បំប្លែងទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ។

៥/ ការងារអាទិភាពផ្សេងទៀត នៅដើមឆ្នាំ២០២១ នេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងធ្វើការជាមួយម្ចាស់បុរី និងអគារខ្ពស់ៗ ដែលលក់សិទ្ធិផ្តាច់មុខសេវាទូរគមនាគមន៍។ ក្នុងសេចក្តីជូនដំណឹង ក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ បានណែនាំដល់ម្ចាស់បុរីនិងអគារខ្ពស់ៗ មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ ដើម្បីផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត ក្នុងទីតាំងបុរី ឬអគារខ្ពស់ ផ្ទុយពីគោលការណ៍ប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់ឡើយ។

ក្រសួងប្រៃសណីយ៍ ក៏បានឲ្យម្ចាស់បុរី និងអគារខ្ពស់ ត្រូវសហការជាមួយប្រតិបត្តិករ ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions) និងត្រូវចាត់ទុកថា សេវាទូរគមនាគមន៍ គឺជាសេវាចាំបាច់ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។

ទន្ទឹមនឹងនេះ ក្រសួងបានដាក់ប្រព័ន្ធវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានា ពាក់ព័ន្ធគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង ដែលតម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា ការងារទាំងអស់នេះគឺជាសកម្មភាពអាទិភាពបំផុត នៃកម្មវិធីកំណែទម្រង់វិស័យ ទូរគមនាគមន៍របស់ក្រសួង៕

ដកស្រង់ពី៖ កម្ពុជាថ្មី