បណ្តាញសង្គម

រដ្ឋមន្ដ្រី​សុខាភិបាល​អំពាវនាវ​ពលរដ្ឋ​បន្ដ​ការពារ​ខ្លួន​ឲ្យ​ម៉ឺងម៉ាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ​បំប្លែង​ថ្មី

រាជធានីភ្នំពេញ ៖ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដែលបម្លែងខ្លួនថ្មីជាច្រើនករណី រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋត្រូវបន្ដការពារខ្លួនព្រោះថា តាមរយៈធ្វើការតេស្ដលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) មានច្រើនករណី ។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «តាមរយៈការធ្វើតេស្តលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ឃើញថា មានការនាំចូលនូវជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា(Delta) មានច្រើនករណី ។

ដោយពិសោធន៍ការចម្លងនៃវីរុសនេះ នៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ» ។

លោករដ្ឋមន្ត្រីក្រសួងបន្ដថា ទន្ទឹមនឹងនោះក៏មិនដឹងថា វីរុសកូវីដ-១៩នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គល ដែលកើតជំងឺកូវីដ-១៩ នេះ ក៏ប្រហែលជាមិនដឹងខ្លួនថា ឆ្លងផង ។

វ៉ាក់សាំង គឺជាឧបករណ៍ដែលអាចជួយកាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លា.ប់ ។

លោកបបន្ថែមថា ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវដឹងនោះ គឺបណ្តា លមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះពីកន្លែងមួយទៅកន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្លួន ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា

(រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩) សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុណាមួយ»។

លោកបន្ដថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ដើរតួនាទីសំខាន់ណាស់ គឺដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន និងអ្នកដទៃឲ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាររស់នៅដោយអាចប្រព្រឹត្តការប្រកបមុខរបរចិញ្ចឹមជីវិតបាន ។ ក្រសួងបានឲ្យប្រជាពលរដ្ឋពាការពារ ៖

១. ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ក្រោមចង្ការ និងត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម ។

២. លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូក្នុងរយៈពេល៤០វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី

៣. រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង ៖

ទោះបីជាបងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែលមាន ការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬក៏មិត្តភ័ក្ត្រជិតស្និទ្ធក៏ដោយ ។

១. កុំទៅកន្លែងមានមនុស្សកុះករច្រើន ក្នុងន័យនេះរាប់ទាំង ការជួបជុំផឹកស៊ីជាលក្ខណៈគ្រួសារសាច់ញាតិដែលមានការ ស្នាក់នៅក្នុងគេហដ្ឋានផ្សេង

២. កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ពីអ្នក ឬ មិត្តភ័ក្ត្រជិតស្និទ្ធ ។

៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋាន ផ្សេងពីអ្នក ឬ មិត្តភ័ក្ត្រជិតស្និទ្ធ ។

ការអនុវត្តន៍វិធានការ ៣កុំ គឺត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងសូមអាជ្ញាធរមូលដ្ឋានជំរុញការអនុវត្តន៍ ៣ការពារ និង៣កុំ នេះឱ្យបានល្អប្រសើររួមជាមួយនឹងការតាមដាន ព្រមទាំងដាក់ចេញនូវការអនុវត្តន៍ច្បាប់ជាធរមានផងដែរ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៨,៥៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤២,៧៦៤នាក់ និងស្លា.ប់ ចំនួន៥៥៦នាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព