បណ្តាញសង្គម

លោកស្រី ឱ វណ្ណ​ឌី​ន ព្រមាន​ថា បើ​ឆ្លង​កូ​វី​ដ​កើន​ច្រើន ផុត​បន្ទាត់​ក្រហម មាន​តែ​បិទ​ខ្ទប់​ប្រទេស​ទៀត​ហើយ

រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា ស្ថានភាពឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកនៅក្នុងសហគមន៍កម្ពុជា បានឈានដល់បន្ទាត់ក្រហម ពិតជាគួរឲ្យព្រួយបារម្ភ បើសិនជាឆ្លងផុតបន្ទាត់ក្រហមទៀត ចាំបាច់ត្រូវបិទ(ប្រទេស)ទៀតហើយ ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានបែបនេះ ក្នុងឱកាសនាំយកថវិកាចំនួន ១០លានរៀល និងសម្ភារផ្សេងទៀតរបស់សម្តេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៤លាន ដែលជាយុទ្ធជនពិការនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។

លោកស្រី ឱ វណ្ណឌីន ក៏បានជម្រាបជូនថា កិច្ចពិភាគ្សាជាមួយ WHO គឺយើងឃើញថា បច្ចុប្បន្ននេះ កម្ពុជាគឺហាក់ដូចជាបានចូលទៅដល់បន្ទាត់ក្រហមទៅហើយ ។

អ៊ីចឹង បើយើងនៅបន្ទាត់ក្រហម យើងនៅតែមិនព្រម នៅតែធូររលុង នូវវិធានការដាក់ចេញនោះ កម្ពុជានឹងឆ្លងផុតបន្ទាត់ក្រហមហើយ ។

នៅពេលឆ្លងផុតបន្ទាត់ក្រហម តើមានន័យថាម៉េច ? មានន័យថា យើងនឹងដាក់ខ្លួនយើងទាំងអស់គ្នា ចូលទៅក្នុងព្រឹត្តិការណ៍មួយដែលហៅថា ការឆ្លងនៅក្នុងទ្រង់ទ្រាយធំ ។

បើឆ្លងចូលទៅក្នុងទ្រង់ទ្រាយធំហើយ កម្ពុជាលំបាកហើយពេលនោះ ។ ត្រង់ចំណុចនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា បើសិនមានការរាតត្បាតជំងឺកូវីដ-១៩ ឆ្លងផុតបន្ទាត់ក្រហមហើយនោះ វានឹងបង្កឱ្យមានការបាត់បង់ជីវិតមនុស្សកាន់តែច្រើនថែមទៀត ដោយសារតែកម្លាំង នៃការរាលដាលជំងឺនេះ លើសសមត្ថភាពសុខាភិបាលសាធារណៈ ។

លោកស្រី ឱ វណ្ណឌីន បានព្រមានអោយដឹងដូច្នេះថា បើយើងឆ្លងផុតបន្ទាត់ក្រហម ក្លាយជារាតត្បាតឆ្លងទ្រង់ទ្រាយធំ បើចរន្តឆ្លងវារត់ខ្លាំងទៅក្នុងសហគមន៍របស់យើង មូលដ្ឋានសុខាភិបាលសាធារណៈមន្ទីរពេទ្យ ត្រូវតែហួសពីសមត្ថភាពហើយ ពីព្រោះវាច្រើនមែនទែន ដល់អ៊ីចឹងអត់មានកន្លែងដាក់នោះទេ ។

ដើម្បីកាត់ផ្តាច់ គឺជៀសមិនរួចអំពីការបិទខ្ទប់(ប្រទេស)ទៀតហើយ បើមានការបិទខ្ទប់ទៀត បងប្អូនមិនចង់នោះទេ ។ អ៊ីចឹង បងប្អូនត្រូវចូលរួមទាំងអស់គ្នា ទាមទារអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវជាទីបំផុត ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ មិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញវិធានការពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta ។

ស្របពេលដែលប្រទេសកម្ពុជាកំពុងរងការវាយលុកដោយមេរោគប្រភេទអាល់ហ្វា (B.1.1.7) គឺមានការឆ្លងលឿនជាងវីរុសប្រភេទដើម នៃជំងឺកូវីដ១៩នោះ ស្រាប់តែពេលនេះ មានវត្តមានមេរោគកូវីដ-១៩ ប្រភេទ Delta ថ្មីមកពីឥណ្ឌា មានភាពសាហាវខ្លាំងជាងមេរោគមុនៗរហូតដល់ទៅ១៥ដង ខណៈក្រសួងសុខាភិបាល មិនទាន់ដឹងថា មេរោគកូវីដ-១៩ នេះ មានអត្តចរិកបែបណានៅឡើយ ។

គិតមកដល់ពេលកម្ពុជា រកឃើញអ្នកជំងឺផ្ទុកជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta»នេះ ២២នាក់ហើយ ។ មូលហេតុដែលនាំឲ្យកម្ពុជា ឆ្លងកូវីដ-១៩ កាន់តែច្រើន ហើយប្រឈមមុខហានិភ័យនេះ ដោយសារតែមានករណីនាំចូលវីរុសបំប្លែងថ្មីប្រភេទ ដែលតា ឬ (B.1.617.2) នេះ គឺសុទ្ធសឹងជាអ្នកមានប្រវត្តិធ្វើដំណើរមកពីប្រទេសថៃ ។

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី៣០ មិថុនា ២០២១នេះថា រកឃើញករណីឆ្លងថ្មី បន្ថែមចំនួន ១,១៣០នាក់ (ក្នុងនោះករណីនាំចូលកម្ពុជាមានចំនួន ១៣៩នាក់) ខណៈជាសះស្បើយ ៦៧០នាក់ ដែលស្លា.ប់ថ្មី ចំនួន ២៧នាក់ ។

ចំនួននេះនាំឲ្យប្រទេសកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបកើនឡើងដល់ ៥០,៣៨៥នាក់ អ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងមានអ្នកស្លា.ប់ សរុប ៦០២នាក់ហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព