បណ្តាញសង្គម

រដ្ឋាភិបាល​សម្រេច​ឲ្យ​សាងសង​ក្រសួងមហាផ្ទៃ​ថ្មី​នៅ​ទីតាំង​ចាស់​ដោយ​ចំណាយ​ថវិកា​ជាង​២០លាន​ដុល្លារអាមេរិក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឲ្យមានការសាងសង់ទីតាំងអគារក្រសួងមហាផ្ទៃថ្មី នៅទីតាំងចាស់ ដោយចំណាយថវិកាជាង២០លានដុល្លារអាមេរិក ។

នេះបើតាមលិខិតមួយច្បាប់របស់គណៈរដ្ឋមន្ត្រីជាក់ជូនសម្តេចក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។យោងតាមលិខិតដែលចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១របស់គណៈរដ្ឋមន្ត្រីបានលើកឡើងថា

ដោយមានសំណើសុំគោលការណ៍អនុញ្ញាតសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ លើទីតាំងចាស់ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

និងមានចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មីលើទីតាំងចាស់

ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន២០៤៥០ ០០០ ដុល្លារអាមេរិក ។

លិខិតថា ចំពោះថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃត្រូវស្នើសុំ គោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់ បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិដែលកំពុងមាន បន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូដ-១៩៕

ដកស្រង់ពី៖ កោះសន្តិភាព