បណ្តាញសង្គម

រដ្ឋមន្ដ្រីសុខាភិបាល៖ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារជំនួយរបស់កូរ៉េខាងត្បូង នឹងដាក់ដំណើរការនៅដើមឆ្នាំ២០២២

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងសាងសង់រួចជាស្ថាពរនៅដើមឆ្នាំ២០២២ខាងនេះ ដែលនឹងឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋយើងកាន់តែប្រសើរថែមទៀត។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញត្រួតពិនិត្យការអភិវឌ្ឍការសាងសង់អគារត្រចៀក ច្រមុះ និងបំពង់ករ របស់មន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «នៅដើមឆ្នាំ២០២២ខាងមុខនេះ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ នឹងសាងសង់រួចរាល់ ហើយនឹងបំពេញការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង កាន់តែល្អបន្ថែមទៀត ខណៈដែលមន្ទីរពេទ្យព្រះអង្គឌួងសព្វថ្ងៃនេះ ផ្ដល់សេវាថែទាំជំងឺជូនប្រជាពលរដ្ឋ មានចំនួនច្រើនក្នុងមួយថ្ងៃៗ ជាពិសេស កម្មករ កម្មការិនី»។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រឧបត្ថម្ភការសាងសង់អគារមន្ទីរពេទ្យមួយនេះឡើង ដែលបានផ្ដល់ប្រយោជន៍ជាច្រើន ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកស្ទួយវិស័យកម្ពុជា ដែលសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា កន្លងមកនេះ ភាគីកូរ៉េ បានជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា ការជួយសាងសង់មន្ទីរពេទ្យ ដូចជាជួយសាងសង់មន្ទីរពេទ្យខេត្ដពោធិ៍សាត់, សាងសង់បន្ថែមនៅមន្ទីរពេទ្យខេត្ដបាត់ដំបង, សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលសែនសុខ លើសពីនោះ បានជួយបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាលកម្ពុជាយើងផងដែរ។

ក្នុងស្ថានភាពបច្ចុប្បន្នភាពការរាលត្បាតជំងឺកូវីដ១៩នេះ ភាគីកូរ៉េបានជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ដល់ជំនួយជាសម្ភារបរិក្ខារពេទ្យជាដើម។

ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រី បានស្នើឱ្យភាគីកូរ៉េ បន្ដជួយលើកកម្ពស់វិស័យសុខាភិបាលបន្ថែមទៀត នៅភូមិភាគឦសានប្រទេសកម្ពុជាយើងបន្ថែមទៀត ដែលជាតំបន់ដាច់ស្រយាល ជាពិសេសជនជាតិភាគតិច។

សូមជម្រាបថា អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ គម្រោងនេះបានពន្យាពេល ទៅដើមឆ្នាំ២០២២វិញ។

អគារនេះគ្រោងចំណាយថវិកាសរុបប្រមាណ ៨លានដុល្លារអាមេរិក ដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុត និងចាំបាច់នានា ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។

ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ នឹងត្រូវបានបង្កើនសមត្ថភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និង ការផ្ទេរចំណេះដឹង និង ចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា។

នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជាដៃគូប្រចាំប្រទេស (CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ ជាតិរបស់ខ្លួន ដោយរួមបញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។

សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖ អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ៕

ដកស្រង់ពី៖ Fresh News