បណ្តាញសង្គម

សម្ដេច​តេ​ជោ ​ចង់​ឃើញ​គណបក្ស​នយោបាយ​លើ​ពិភពលោក ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​ឱនក្បាល ធ្វើ​ជា​ឈ្នាន់​នយោបាយ​បរទេស​ឡើយ

រាជធានីភ្នំពេញ ៖ ថ្លែងទៅកាន់គណបក្សនយោបាយលើពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សនយោបាយលើកពិភពលោកទោះជាមាននិន្នាការណាក៏ដោយត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនាបរទេសឡើយ ។

ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោកក្រោមប្រធានបទ «ការបំពេញការងារ ដើម្បីសុភមង្គលប្រជាជនការទទួលខុសត្រូវរបស់គណបក្សនយោបាយ»

នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាតឹងតាងប្រវត្តិសាស្ដ្រមួយដែលបង្ហាញឲ្យទាំងអស់គ្នាឃើញច្បាស់ថា នរណាជាមិត្តល្អពិតប្រាកដ ដែលជួយគ្នាក្នុងគ្រាលំបាក។

នៅក្នុងបរិបទនេះ ប្រទេសទាំងអស់លើពិភពលោក គួរណាស់តែរួបរួមគ្នាជាឆ្លុងមួយ ដើម្បីបុព្វហេតុមនុស្សជាតិ ។ សម្ដេចតេជោគូសបញ្ជាក់ថា «យើងត្រូវប្ដេជ្ញារក្សាស្ថិរភាពនយោបាយ និងរារាំងឲ្យបានដាច់ខាតនូវការជ្រៀតជ្រែកនយោបាយពិតប្រទេសដទៃ ។

ក្នុងន័យនេះ គណបក្សនយោបាយទាំងអស់ទោះជាមាននិន្នាការណាក៏ដោយត្រូវគិតពីប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយមិនត្រូវឱនក្បាលធ្វើជាឈ្នាន់នយោបាយ និងវិទ្ធង្សនារបស់បរទេស បើទោះបីជាស្ថិតក្រោមរូបភាពណាក៏ដោយ» ។

សម្ដេចតេជោបន្ដថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងអាចបញ្ឈប់បាននូវវប្បធម៌ និងឥរិយាយបទប្រណែនឈ្នានីស ចាំតែមើលបំណាំ ចោទប្រកាន់ និងរិះគន់គ្មានមូលដ្ឋានដោយជំនួសមកវិញនូវឥរិយាបថបែបតថភាពនិយម ប្រាកដនិយម និងប្រកាន់ខ្ជាប់នូវស្មារតីនៃការសហការគ្នា ក្នុងការដោះស្រាយរាល់បញ្ហារបស់មនុស្សជាតិ ទាំងក្នុងក្របខណ្ឌពិភពលោក និងក្នុងប្រទេសនីមួយៗ» ។

សម្ដេចតេជោ បន្ថែមថា គណបក្សនយោបាយទាំងអស់ត្រូវតែសហការ និងរួបរួមគ្នាសង្គ្រោះអាយុជីវតមនុស្សជាតិ តាមរយៈការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានដាច់ខាត ។

ដើម្បីសម្រេចបាននូវគោលដៅនេះ គ្មានអ្វីដែលមានសារៈសំខាន់ជាងការប្រើប្រាស់វ៉ាក់សាំង និងការចាត់ទុកវ៉ាក់សាំងដែលជាទំនិញសាធារណៈ ដោយប្រកាន់យកនូវគោលនយោបាយ «វ៉ាក់សាំងពហុភាគីនិយម» ទាំងក្នុងដំណើរការផលិត ចែកចាយ និងប្រើប្រាស់ ។

សម្ដេចតេជោ បញ្ជាក់ថា នៅពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ ថមថយនាពេលខាងមុខ ការគិតគូរទៅលើការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ច គឺជាការណ៍មួយដ៏សំខាន់ដែលមិនអាចខ្វះបាន។

កិច្ចការនេះ នឹងទាមទារឲ្យមានការលើកកម្ពស់យន្ដ ការទ្វេភាគី និងពហុភាគីនិយមផ្សេងៗ ដូចជា «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍ ឈ្នះ-ឈ្នះ មួយដ៏សំខាន់ ក្នុងការលើកកម្ពស់សង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រទេសនៅក្នុងតំបន់ និងពិភពលោក តាមរយៈការជំរុ ញរំហូរពាណិជ្ជកម្ម និងវិនិយោគ ។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្ដល់ការគាំទ្រយ៉ាង ក្លៀវក្លា ក្នុងការផ្ដល់ជូនកម្ពុជានូវជំនួយ ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារៈ និងទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបានជួយសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជាចំពោះរាល់ការបញ្ជាទិញវ៉ាក់សាំងពីសំណាកប្រទេសកម្ពុជា ។

កម្ពុជាវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការប្រកាន់យកនូវស្មាតីមិត្តភាពពិតប្រាកដ ដូចពាក្យស្លាកដែលបានលើកឡើងថា «មិត្តល្អ ជួយគ្នាក្នុងគ្រាមានអាសន្ន»៕

ដកស្រង់ពី៖ កោះសន្តិភាព