បណ្តាញសង្គម

ប្រមុខ​ការទូត​កម្ពុជា​-​អូស្ត្រាលី ពិភាក្សា​តាម​ទូរ​សព្ទ លើកឡើង​នូវ​របៀបវារៈ​ជាច្រើន​

ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវលទ្ធផលនៃកិច្ចសន្ទនា តាមទូរស័ព្ទរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

សេចក្តីប្រកាសលើកឡើងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារតាមទូរស័ព្ទ ជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្ត្រាលី ក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្ត្រាលី លោកជំទាវ បានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។

លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញ សម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរប្រទេសអូស្ត្រាលី ដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តម បានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្ត្រាលី ជាមួយអាស៊ាន នឹងរួមចំណែកបន្ថែមទៀតយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូលដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។

ឯកឧត្តម បានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀត នៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ លើកកម្ពស់ការ ចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្ត្រី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរ ការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។

ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានា ដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាន នាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។

ឯកឧត្ដម ក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ៕

 

ដកស្រង់ពី៖ កោះសន្តិភាព