បណ្តាញសង្គម

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់​តេស្ត​រហ័សរកវីរុស​កូវីដ-១៩ នៅតាមផ្ទះ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ នៅតាមផ្ទះឬជាលក្ខណៈឯកជនដើម្បីរួម

ចំណែកនៅក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

យោងតាមសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា បុគ្គលដែលមានការសង្ស័យថាអាចមានឆ្លងជំងឺកូវីដ១៩ អាចប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដោយខ្លួនឯងដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ

តាមវិធីសាស្រ្តនៃការប្រើប្រាស់និងការគ្រប់គ្រងកាកសំណល់របស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ និងអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីចៀសវាងការចម្លងមេរោគកូវីដ១៩ជាយថាហេតុ។

ក្រសួងបានណែនាំទៀតថា សាមីខ្លួនដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ដោយខ្លួនឯង ហើយបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ មានកាតព្វកិច្ចជូនដំណឹងទៅមន្ត្រីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ

ដែលនៅជិតបំផុតឬទាក់ទងទៅលេខទូរសព្ទ ១២២២ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តទាក់ទងនឹងការព្យាបាលដើម្បីទទួលនូវការនៅសេវាព្យាបាលនៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឬ មណ្ឌលព្យាបាលជំងឺកូវីដ១៩ឬការព្យាបាលនៅតាមផ្ទះ យោងតាមការវាយតម្លៃកត្តាពាក់ព័ន្ធដោយមន្ត្រីសុខាភិបាល។

ក្រសួងបានបន្តទៀតថា ក្រៅពីនេះឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩នេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅពេលមានការសង្ស័យការចម្លងរោគវីរុសកូវីដ១៩ ដើម្បីជាវិធានការតាមដានបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងនៅពេលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ដើម្បីជាវិធានការស្រាវជ្រាវ និងរកអ្នកមានវិជ្ជមានមេរោគកូវីដ១៩ តាមរយៈការពាក់ព័ន្ធដោយផ្ទាល់ឬពាក់ព័ន្ធដោយប្រយោល។

លើសពីនេះទៀត ឧបករណ៍តេស្តនេះនឹងត្រូវប្រើប្រាស់នៅតាមបណ្ដាច្រកទ្វារចេញចូលប្រទេស ដើម្បីជាមធ្យោបាយក្នុងការរកឃើញឲ្យបានឆាប់រហ័សនូវបុគ្គល ដែលផ្ទុកមេរោគវីរុសកូវីដ១៩

សំដៅទប់ស្កាត់និងគ្រប់គ្រងឱ្យបានទាន់ពេលវេលាការនាំចូលមេរោគកូវីដ១៩ ជាពិសេសមេរោគប្រភេទដែលតាឬមេរោគបំប្លែងខ្លួនថ្មីប្រភេទផ្សេងទៀតក៏ដូចជាសម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន

និងអង្គភាពរដ្ឋមិនមែនសុខាភិបាល ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី