បណ្តាញសង្គម

ត្រៀមរៀបចំដាក់ដំណើរការ ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការដាក់ដំណើរការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ដែលកម្ពុជាថ្មីទទួលនៅថ្ងៃនេះ បានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) សហការជាមួយការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) នឹងរៀបចំដាក់ដំណើរការពិគ្រោះយោបល់ ជាមួយក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង ច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

កិច្ចពិគ្រោះយោបល់ នឹងបែងចែកជាក្រុមពិគ្រោះយោបល់ តាមវិស័យសិទ្ធិមនុស្សនីមួយៗ ហើយគ្រោងនឹងធ្វើឡើងតាមរយៈការជួបប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬ/និងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គ្រោងនឹងធ្វើឡើងប្រមាណជា ៦០កិច្ចពិគ្រោះ យោបល់ រហូតដល់ត្រឹមដំណាច់ឆ្នាំ២០២១។ សាធារណៈជនក៏អាចផ្តល់យោបល់ និងធាតុចូលតាមរយៈ Facebook Page

និង Telegram Channel របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី