បណ្តាញសង្គម

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ​កំពុង​ពង្រីក​កិច្ច​អន្ដរាគមន៍​លើ​សុខភាព​បន្ដ​ពូជ

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំពុងនឹងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកកិច្ចអន្តរាគមន៍លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការលើកកម្ពស់ក្នុងតំបន់ជួបប្រទះកង្វះខាត ។

នេះបើ តាមរយៈសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោក លើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចេញផ្សាយនៅថ្ងៃទី៦កក្កដា កន្លងមកនេះ ។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងវិស័យសុខភាពសាធារណៈជាពិសេស សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ តាំងពីមុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩មកម្ល៉េះ ។

សម្ដេចតេជោបន្ដថា ជាក់ស្ដែងការដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ២០១៧-២០២០ គឺសំដៅផ្តល់អាទិភាពដល់វិស័យសុខភាពបន្តពូជ និងសុខភាពផ្លូវភេទដោយធានាថា ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីយុទ្ធសាស្ត្រនេះជាពិសេសសិទ្ធិអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទរបស់ស្ត្រី និងក្មេងស្រី ។

សម្ដេចតេជោ បន្ថែមថា យុទ្ធសាស្ត្រជាតិស្តីពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទបន្តផ្តោតការយកចិត្តទុកដាក់លើការបង្កើនការគ្របដណ្តប់ គុណភាព និងការប្រើប្រាស់កិច្ចអន្តរាគមន៍ដែលបង្ហាញពីប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខភាព និងសិទ្ធិបន្តពូជ និងផ្លូវភេទក្នុងការកាត់បន្ថយការស្លា.ប់របស់ម្តាយ ។

សម្ដេចតេជោ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបាន និងកំពុងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកកិច្ចអន្តរាគមន៍លើផ្នែកសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ

ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវានៅក្នុងតំបន់ ដែលកំពុងជួបប្រទះកង្វះខាតដូចជា តំបន់ភាគខាងជើង និងឦសាននៃប្រទេសក៏ដូចជា

នៅក្នុងចំណោមក្រុមងាយរងគ្រោះនានា ដូចជា យុវវ័យ ក្រុមជនជាតិដើមភាគតិចកម្មករចំណាកស្រុក (រួមទាំងកម្មករកាត់ដេរ កម្មករសំណង់ អ្នកធ្វើការក្នុងសេវាកំសាន្ត និងកម្មករកសិកម្ម) និងជនពិការ» ។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា ឆ្លើយតបទៅនឹងស្ថានភាពនៃការរីរាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តគោលនយោបាយគាំពារសង្គម និងបានដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គមបន្ថែមទៀតសំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រជាពិសេសស្ត្រី និងក្មេងស្រី ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា តាមការវាយតម្លៃរបស់មូលនិធិសហប្រជាតិសម្រាប់ប្រជាជន (UNFPA) លើទិន្នន័យដែលមានស្រាប់ដែលភាគច្រើនបានមកពីបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់បានបង្ហាញថា ជំងឺកូវីដ-១៩ អាចពន្លឿនការធ្លាក់ចុះលទ្ធភាពមានកូននៅក្នុងប្រទេសមួយចំនួន រួមទាំងនៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នៅ ពេលគូស្វាមីភរិយាឆ្លើយតបទៅនឹងវិបត្តិដោយពន្យារពេលការមានផ្ទៃពោះ ឬផ្លាស់ប្តូរផែនការយកកូន ។

ផ្ទុយទៅវិញ ទិន្នន័យ និងការធ្វើចំណោលក៏បានបង្ហាញថា នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមួយចំនួន, ជំងឺរាតត្បាតកូវីដ-១៩ បានរំខានដល់ការទទួលបានសេវាផែនការគ្រួសារ រួមទាំងការកើនឡើង ការមានផ្ទៃពោះដោយចៃដន្យក្នុងចំណោមក្រុមងាយរងគ្រោះ ។

ជាក់ស្ដែង ការកើនឡើងនៃការមានផ្ទៃពោះដោយចៃដន្យ ត្រូវបានគេរកឃើញមានក្នុងចំណោមក្មេងជំទង់នៅប្រទេសកេនយ៉ា និងប្រទេសម៉ាឡាវី៕

ដកស្រង់ពី៖ កោះសន្តិភាព