បណ្តាញសង្គម

ក្រុង​​ស្ទឹងសែន​ចំណាយ​ថវិកា​ ១២លានដុល្លារ សង់​ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ ពង្រីក​ផ្លូវ​ក្រុង​ឲ្យ​ធំ​ទូលាយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីធានាបានគុណភាពល្អ និងមានផ្លូវក្នុងក្រុងទូលាយនៅថ្ងៃអនាគត។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រពន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាគម្រោងនេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។

លោកអភិបាលខេត្តកំពង់ធំជំរុញឲ្យក្រុមហ៊ុនម៉ៅការពន្លឿនការសាងសង់ឲ្យបានលឿន ព្រោះថាខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ ក្រុងស្ទឹងសែននឹងមានការលិចលង់ដោយសារជំនន់ទឹកភ្លៀង ហើយបើជួបបញ្ហាក្នុងការសាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរដោះស្រាយឲ្យទាន់ពេលវេលាកុំឲ្យកកស្ទះដំណើរការ។

លោកអភិបាលខេត្តក៏បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនូវសំណង់ទាំងឡាយណាដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមានការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឱ្យមានការកកស្ទះដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវសហការជាមួយអាជ្ញាធរក្នុងការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ

សូមមានការយោកយល់និងអធ្យាស្រ័យ ទើបក្រុមហ៊ុនសាងសង់អាចពន្លឿនដំណើររបស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។លោក ជូ កុល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំបានឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

មានចំនួន២រួមមានទី១៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩,២គីឡូម៉ែត្រ និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ ១៧.១គីឡូម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុន China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទី២៖ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។ លោកប្រធានមន្ទីរបានឱ្យដឹងបន្តថា គម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុន៕

ដកស្រង់ពី៖ កម្ពុជាថ្មី