បណ្តាញសង្គម

ស្រុកមង្គលបូរី ៣ថ្ងៃ រកឃើញពលរដ្ឋវិជ្ជមានកូវីដ-១៩ ៩៨នាក់ ក្នុងចំណោមអ្នកបានធ្វើតេស្តច្រើនរយនាក់

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានយកសំណាកប្រជាពលរដ្ឋជាច្រើនរយនាក់រស់នៅក្នុងស្រុកមង្គលបូរី ទៅពិនិត្យឧបករណ៍រហ័ស បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៨នាក់។លោក រ័ត្ន ដាសីុណង់ អភិបាលស្រុកមង្គលបូរីបានឱ្យដឹងបន្ថែមថា ក្នុងនោះកុមារក៏មានកើតដែរ ភាគច្រើនប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ។

ជាមួយគ្នានេះ រដ្ឋបាលស្រុកមង្គលបូរី និងក្រុមគ្រូពេទ្យកំពុងបញ្ជូនអ្នកកើតជំងឺកូវីដ-១៩ នេះទៅមណ្ឌលចត្តាឡីស័កជាច្រើនកន្លែងអស់ហើយ។

លោក រ័ត្ន ដាស៊ីណង់ បញ្ជាក់ថា ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលស្រុក នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានសុខាភិបាលនេះ។ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលស្រុក ក្នុងករណីបុគ្គលណាមិនអនុវត្តកាតព្វកិច្ច ល្មើសនឹងវិធានសុខាភិបាល នឹងត្រូវវិន័យអន្តរកាល ចាត់វិធានការផ្លូវច្បាប់ផងដែរ។

លោកសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុអនុវត្តយ៉ាងយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់៕

ដកស្រង់ពី៖ កម្ពុជាថ្មី