បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ កម្ពុជាកំពុងតែដើរផ្លូវត្រូវទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅទូទាំងប្រទេស

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមអនុសាសន៍របស់ថ្នាក់ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញឲ្យឃើញថា កម្ពុជាបានកំពុងតែដើរផ្លូវត្រូវក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់អ្នកឆ្លងជំងកូវីដ១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅគេហដ្ឋាន នៅរាជធានីភ្នំពេញបានបញ្ជាក់ថា តាមអនុសាសន៍របស់ប្រមុខដឹកនាំពេលនេះ កម្ពុជាបានកំពុងតែដើរផ្លូវត្រូវក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ទោះបីជាមិនទាន់ទទួលបានជោគជ័យទាំងស្រុងកាត់ផ្តាច់ទាំងស្រុងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ។

លោកវេជ្ជបណ្ឌិតបានលើកឡើងថា កន្លងមកក៏មានការដាក់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល ឬគ្មានរោគសញ្ញារួចដែរ ហើយមានការយកចិត្តទុកដាក់ និងណែនាំពីថ្នាក់ដឹកនាំក៏ដូចជា អ្នកបច្ចេកទេសដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ។

លោកបន្តថា«សម្តេចតេជោបានណែនាំឲ្យមានការពង្រីក និងពង្រឹងគុណភាពការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះពិសេសនោះនៅតាមតំបន់ និងរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតក្នុងករណីចាំបាច់ និងពិភាក្សាជាមួយអភិបាលគណៈអភិបាលខេត្តក្នុង ការដាក់ជំងឺកូវីដកម្រិតស្រាល ឬគ្មានរោគសញ្ញានៅតាមផ្ទះ» ។

លោកលើកឡើងថា សន្នីសីទថ្ងៃនេះ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋថា ដឹងពីយន្តការក្នុងការដាក់ខ្លួនព្យាបាល និងនីវិធីក្នុងការព្យាបាលកុំឲ្យឆ្លងដល់សមាជិកគ្រួសារក៏ដូចជាសហគមន៍ ។

ជាងនេះធ្វើយ៉ាងណា ឲ្យពលរដ្ឋដឹងពីរោគសញ្ញាស្រាលរបស់ជំងឺកូវីដផងដែរ ។ លោកវេជ្ជបណ្ឌិតគូសបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលព្យាបាលជំងឺកូវីដនៅកម្ពុជាបានញែក និងរៀបចំទុកដាក់កន្លែងសម្រាប់ព្យាបាលអ្នកឆ្លងកូវីដមានចំនួន៣ទីតាំង

គឺទី១.អ្នកជំងឺកូវីដ១៩ កម្រិតស្រាលគ្មានរោគសញ្ញាត្រូវព្យាបាលនៅតាមផ្ទះរបស់ខ្លួន

ទី២. មណ្ឌលព្យាបាលកម្រិតស្រាលរៀបចំដោយសាលារាជធានី ខេត្ត ឬក្រុង ទៅតាមទីតាំងការចង្អុលរបស់អាជ្ញាធររាជធានីខេត្តនោះ និងទី៣. មន្ទីរពេទ្យជាកន្លែងដាក់សម្រាប់អ្នកកើតកូវីដកម្រិតធ្ងន់ (ប្រើឧស្ម័ន អុកស៊ីសែន) ។

លោកវេជ្ជបណ្ឌិត ង៉ូវ កាង ក៏បានលើកឡើងថា តាមការអនុញ្ញាតឲ្យមានការយកតេស្តដោយផ្ទាល់ខ្លួនតាមវិស័យឯកជនបានធ្វើឲ្យកម្ពុជាមានភាពរហ័សក្នុងការស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែម ។

ចំណុចនេះបានសង្ឃឹមថា នឹងអាចទប់ស្កាត់ឆ្លងជំងឺនេះបាន ។ លោកវេជ្ជបណ្ឌិតក៏គូសបញ្ជាក់ថា« មានតែការធ្វើតេស្តរួចហើយរកឃើញកូវីដ១៩ ត្រូវមានយន្តការព្យាបាលល្អ ។

ក្នុង គឺប្រព័ន្ធគ្រប់គ្រងការព្យាបាលតាមផ្ទះបានល្អ ត្រឹមត្រូវនោះ យើងនឹងអាចកាត់ផ្តាច់ជំងឺកូវីដ១៩បាន» ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតក៏បានអះអាងថា ៖ យោងតាមការគ្រប់គ្រងបានល្អ ត្រឹមត្រូវទើបអ្វីៗដែលមានបច្ចប្បន្ននេះ គឺជាស្ថានការមួយកំពុងដើរលើផ្លូវត្រូវ ។

លោកបញ្ជាក់ថា៖«យើងកំពុងតែដើរផ្លូវត្រូវក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ថ្វីត្បីតតែយើង មិនទាន់យកឈ្នះលើកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈក៏ដោយ ប៉ុន្តែយើងកំពុងដើរផ្លូវត្រូវក្នុងការគ្រប់គ្រងជំងឺកូវីដ១៩នេះ»៕

ដកស្រង់ពី៖ កោះសន្តិភាព