ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសសម្រេចប្តូររយៈពេលនៃគម្លាតការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី១ និងដូសទី២ នៃវ៉ាក់សាំង Sinovac និង Sinopharm។
គឺប្តូរពី ១៤ថ្ងៃយ៉ាងតិច ទៅយ៉ាងតិច ២១ថ្ងៃ រវាងគម្លាតការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២។
ក្នុងលិខិត លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ
នាយករដ្ឋមន្ត្រី ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លើរបាយការណ៍ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ របស់គណៈប្រចាំការ គ.ប.ក គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមគោរពផ្តល់ជូននូវការណែនាំសម្រាប់គម្លាតនៃការចាក់វ៉ាក់សាំង Sinovac និង Sinopharm រវាងដូសទី១ និងដូសទី២ ដូចតទៅ៖ គម្លាតនៃការចាក់វ៉ាក់សាំង Sinovac រវាងដូសទី១ និងដូសទី២ គឺ ២១ថ្ងៃ។
គម្លាតនៃការចាក់វ៉ាក់សាំង Sinopharm រវាងដូសទី១ និងដូសទី២ គឺ ២១ថ្ងៃ។ ក្នុងលិខិត លោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនអភិបាលរាជធានីខេត្ត ត្រូវរៀបចំសេចក្តីជូនដំណឹង
និងធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី
ខេត្ត ស្តីអំពីការកែសម្រួលទាក់ទងនឹងគម្លាតនៃការចាក់វ៉ាក់សាំង Sinovac និង Sinopharm ដូសទី១ និងដូសទី២ ដោយសេចក្តីអនុគ្រោះ៕
ដកស្រង់ពី៖ កោះសន្តិភាព