បណ្តាញសង្គម

ប្រមុខ​ការទូត​កម្ពុជា​ចង់​ឃើញ​ប្រទេស​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​រួម​គ្នា​លុប​បំបាត់​ជំងឺ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាបានលើកឡើងក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាសនៃចលនាមិនចូលបក្សសម្ព័ន្ធថា បើសិនពិភពលោកមិនប្រកាន់យកពហុភាគីនិយម គឺនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាពេលបច្ចុប្បន្ន និងអនាគតបានទេ ។

តាមរយៈសេចក្ដីថ្លែងការណ៍នៅក្នុងសន្និសីទ រដ្ឋមន្ត្រីពាក់កណ្តាលឆមាសនៃចលនាមិនចូលបក្សសម្ព័ន្ធស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធនៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក»

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗដែលកំពុងញាំញីពិភពលោកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

រួមនឹងការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌ ។

ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលអាចនឹងកើតមានឡើងនាពេលបន្ទាប់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាតយើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រដោយគ្មានការរារាំង និងប្រកបដោយសមភាព ។

ភាពចាំបាច់នេះមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។

វិធីសាស្ត្រទិសដៅពីរបច្ចុប្បន្ន របស់ប្រទេសអភិវឌ្ឍន៍ប្រឆាំង នឹងប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបរាជ័យដោយខ្លួនឯង ។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា «ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុ ភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍ អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន ។

ការគ្រាន់តែរៀបរាប់ពីពហុភាគីនិយម ដើម្បីផលប្រយោជន៍ខ្លួនឯងដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោកនោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ ។

ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់ ។

បើសិនជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេយើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះទេ» ។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា តាមប្រវត្ដិសាស្ដ្រ ចលនាមិនចូលបក្សសម្ព័ន្ធ បានផ្តួចផ្តើមគំនិតនៃទំនាក់ទំនងអន្តរជាតិ ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី ។

លោកជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគី នៃការក្រកួតប្រជែងប្រកបដោយគ្រោះថ្នាក់ គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបាន បង្កើតឡើងដោយសហស្ថាបនិក

នៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្រប ជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនា មិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ៕

ដកស្រង់ពី៖ កោះសន្តិភាព