បណ្តាញសង្គម

ត្រឹម​ថ្ងៃ​១៤ ​កក្កដា ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូនពលរដ្ឋ​ជាង​៥​លាន​២​សែ​ននាក់​ស្មើ​៥២.៤០%

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ខែកក្កដានេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋស្ម័គ្រចិត្តបានជាង៥លាន២សែននាក់ ក្នុងចំណោមគោលដៅចាក់ឲ្យបាន១០លាននាក់ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសមាន ក្នងនោះ ចាក់លើកទី១ មានចំនួនសរុប៥.២៤០.១៥៩នាក់ និងលើកទី២ មានចំនួន ៤.០០២.៧៦៦នាក់ ។

ក្នុងនោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយក្រសួងការពារជាតិ នៅរាជធានីភ្នំពេញសរុប១.០២៥.៩២៦នាក់ និងនៅតាមខេត្តចំនួន៨ មានចំនួនសរុប៨៤៥.៣៩៩នាក់ ។

ក្រសួងបានលើកឡើងទៀតថា ចំនួនដែលចាក់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកក្កដានេះ ស្មើនឹង៥២.៤០% នៃចំនួនគោលដៅដែលបានកំណត់១០លាននាក់ ។

សូមជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានអះអាងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចនឹងបញ្ចប់មុនការកំណត់ពោល គឺអាចបញ្ចប់អំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលមានវ៉ាក់សាំងមកគ្រប់គ្រាន់ ។

អ្នកនាំពាក្យក្រសួងក៏បានឲ្យដឹងថា រាជរដ្ឋាភិបាលក៏បានកំពុងតែគិតគូរក្នុងការចាក់វ៉ាក់សាំងជូនក្រុមមនុស្សដែលមានអាយុក្រោមពី១៨ឆ្នាំ និងចាក់ដូសទី៣ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព