បណ្តាញសង្គម

រដ្ឋាភិបាលបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករជាង៣ពាន់នាក់ទៀត ដែលព្យួរការងារដោយសារជំងឺកូវីដ

រាជរដ្ឋាភិបាលបានបន្តបើកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត សរុបចំនួន៣,១៨០ នាក់ នៅរោងចក្រ សហគ្រាស ចំនួន៣២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលព្យួរការងារដោយសារជំងឺកូវីដ១៩។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៦៣ ចុះថ្ងៃទី១៥ ខែកក្កដា បានឱ្យដឹងថា ចំពោះការបើកប្រាក់ឧបត្ថម្ភនេះ រាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិត ដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ និងសហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន៦០,៧៥០រៀល ស្មើនឹង១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃដល់១០ថ្ងៃ។

ចំនួន១២១,៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃដល់២០ថ្ងៃ និង១៦២,០០០រៀល ស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេល២១ថ្ងៃដល់១ខែ។

ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបង ប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ

ក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីងដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង

ដែលនៅជិតបំផុតដើម្បីបើកប្រាក់ឧបត្ថម្ភនេះហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៣២នេះមិនបានទទួលសារ

ទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែមឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់៕

ដកស្រង់ពី៖ កម្ពុជាថ្មី