បណ្តាញសង្គម

សម្តេច ​ស ខេ​ង​ ស្នើ​ក្រសួង​សាធារណការ​ផ្សា​ព្វ​ផ្សាយ​នី​តិ​វិធីដក​ពិន្ទុ​ប​ណ្ណ​បើកបរ ​ខណៈ​កម្មវិធី​នឹង​ចាប់ផ្តើម​​ឆ្នាំ​២០២២

រាជធានីភ្នំពេញ ៖ ដើម្បីឲ្យអ្នកបើកបរដឹងច្បាប់ពីទោសនៃការដកពិន្ទុបណ្ណបើកបរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវផ្សព្វផ្សាយពីនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ និងប្រឡងបំពេញពិន្ទុឡើងវិញ ខណៈកម្មវិធីនេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ ដើមឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំរាយការណ៍វឌ្ឍនភាពការងារ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យ លើបទល្មើសចរាចរណ៍ផ្លូវគោកជូន សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២២ ខែកក្កដានេះ តាមប្រព័ន្ធវីដេអូពីចម្ងាយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូនបានលើកឡើងអំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ

និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ៥ឆ្នាំក្រោយពីវិសោធនកម្មច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖« កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យមន្ត្រីនគរបាលចរាចរណ៍ធ្វើការដកពិន្ទុលើបណ្ណបើកបរ

និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ

និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថា បណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័សដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ

និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» ។ក្នុងកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើសុំសម្តេចក្រឡាហោម ពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះមុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកជូនមន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ឲ្យដឹងថា ក្រសួងសាធារណការត្រៀមនឹងប្រគល់ទទួលឧបករណ៍ ដកពិន្ទុ និងពិន័យរួមគ្នាចំនួន៥០០គ្រឿងជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះនឹងត្រូវ សម្ពោធដាក់ប្រើប្រាស់ផ្លូវការ នៅដើមឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំតាមរយៈវីឌីអីនោះដែរ សម្ដេច ស ខេង បានគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមនេះ ហើយសម្តេចក៏ស្នើពន្លឿនលើខ្លឹមសារប្រការអន្តរក្រសួងដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេស ។

សម្ដេច ស ខេង បានស្នើឱ្យក្រសួង សូមឱ្យយកចិត្តទុកដាក់ឱ្យ បានខ្ពស់ក្នុងការផ្សព្វផ្សាយពន្យល់ណែនាំពីនីតិវិធីនៃការកាត់ពិន្ទុ និងប្រឡងបំពេញពិន្ទុឡើងវិញជូនសាធារណជនដែលត្រូវអនុវត្ត ត្រួតពិនិត្យ និងផាកពិន័យផងដែរ ។

ជាមួយគ្នានោះដែរ សម្តេចក៏បានអរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោកនេះឡើង និងជំរុញឲ្យរៀបចំអនុវត្តតាមផែនការ ដើម្បីកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ដែលខាតបង់ទាំង ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ ៕

ដកស្រង់ពី៖ កោះសន្តិភាព