បណ្តាញសង្គម

លោកជំទាវ​ម៉ែន សំអន ៖ ក្រោម​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ពល​រដ្ឋ​បាន​ទទួល​នូវ​សន្តិភាព​និង​ការអភិវឌ្ឍន៍​គ្រប់​មូលដ្ឋាន​​

លោកជំទាវកិត្តិសង្គហបណ្ឌិតឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ក្រោមនយោបាយនៃយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានផ្តល់ជូនកាដូយ៉ាងពិសេសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ទទួលនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់ថ្នាក់មូលដ្ឋាន។

លោកជំទាវកិត្តិសង្គហបណ្ឌិត រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពីបានបញ្ចប់វិវាទដែលមានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការក្រសួង កាលពីរសៀលម្សិលមិញ។

គួររំលឹកផងដែរថា ករណីទំនាសដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ។

ការដោះស្រាយទំនាស់ត្រូវបានបញ្ជប់ដោយបានការឯភាពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាខ្ពស់ក្រោមសមត្ថកិច្ច និងយន្តការសម្របសម្រួលដោះស្រាយទំនាស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា

និងអធិការកិច្ច ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំងឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់ទីតាំងទំនាស់ និងបានចាត់ លោកហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក ច្រើនសារក្នុងក្របខ័ណ្ឌជំនាញ និងក្របខ័ណ្ឌអន្តរក្រសួងដោយសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់

រហូតឈានដល់ការព្រមព្រៀងឯកភាពបញ្ចប់វិវាទទាំងស្រុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយក្តីសោមនស្សរីករាយ មិត្តភាព

និងសុខុដុមរម្យនារវាងគូរភាគីទាំងសង្ខាង ដោយបានឯកភាពធ្វើការបើកផ្លូវលេខ ១៩៧៨ ត្រង់ចំណុចទីតាំងដែលមានទំនាស់រវាង លោក សុខ អឿន និងលោក សុខ សាន្ត លោក សម វង ទំហំទទឹង៨ម៉ែត្រ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ស្របតាមគោលការណ៍ជាយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វត្តមានថ្ងៃនេះ ក៏មាន លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ជាសក្ខីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី