បណ្តាញសង្គម

ប្រឡាយបឹងទំពន់ត្រូវបានស្តាររួចរាល់ ដែលមានសំរាម និងស្មៅជាង២៥០០ឡាន

រាជធានីភ្នំពេញ ៖ ការស្តារប្រឡាយបឹងទំពន់ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់១០០ ភាគរយហើយ បន្ទាប់ពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹក បានជាង២៥០០ឡាន ស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេ នៅរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន

រាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។

លោកបានបន្តទៀតថា ប្រឡាយបឹងទំពន់នេះមានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី០៥ ខែមេសា ហើយបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ ១២០៥០ម៉ែត្រគូប ។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែងប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការ មន និងខណ្ឌ៧មករា ។

លោក ដួង ចាន់សារ៉ាត់ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់កុំបោះសំរាមចូលក្នុងប្រឡាយទឹកនាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ ៕

ដកស្រង់ពី៖ កោះសន្តិភាព