បណ្តាញសង្គម

អ្នកនាំពាក្យ ៖ ថ្លែងការណ៍ក្រុមអង្គការសង្គមស៊ីវិល ៦០កំពុងមានចរិតនយោបាយ និងគ្មានភាពទទួលខុសត្រូវ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិល៦០នោះមានភាពចរិតនយោបាយ ហើយគ្មានភាពទទួលខុសត្រូវចំពោះសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង៦០ ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជាយ៉ាងដូច្នេះថា

ការបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជារបស់ក្រុមអង្គការសង្គមស៊ីវិលទាំង៦០នេះបានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវិលមួយក្តាប់តូចនេះដោយហេតុថា តាំងពីដំបូងមកក្រុមសង្គមស៊ីវិលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯង តាំងពីឆ្នាំ១៩៩៧មកម្លះ ។

ដោយការងារនេះ ស្ថិតក្នុងដៃសង្គមស៊ីវិលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំ និងរៀបចំនៅក្នុងឆ្នាំ២០១៩ ។

លោកថា ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ ។

ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយចូលរួមសហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យនិងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង ។

ជាមួយគ្នានោះដែរ លោកថា សេចក្តីព្រាងដំបូងនៃច្បាប់នេះបានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះតាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យ និងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញពួកគេមិនខ្ចីមើល និងពិនិត្យផ្តល់យោបល់មកវិញទេ បែរជាធ្វើការរិះគន់ និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ ។

ចំពោះការបង្ហាញក្តីបារម្ភរបស់ពួកគេពីគោលការណ៍ទីក្រុងប៉ារីសនិងគោលការណ៍អន្តរជាតិមួយចំនួនទៀត ពាក់ព័ន្ធនឹងឯករាជ្យភាពការចូលរួម និងអាណត្តិការងាររបស់ស្ថាប័ននេះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើល និងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ ។

លោកបញ្ជាក់ថា សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវិលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រ និងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាចទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងជាពេលសាកសមក្នុងការបង្កើតស្ថាប័ននេះដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈ និងសកម្មភាពនយោបាយរបស់ពួកគេដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវិលនៅកម្ពុជា ។

សូមជម្រាបថា កាលពីកន្លងមកនេះ អង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ដីធ្លីចំនួន៦០ បានចេញសេចក្ដីថ្លែងរួមគ្នាមួយ នៅថ្ងៃទី២៤ ខែសីហា ទាមទារឲ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញ នៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ។

សេចក្ដីថ្លែងការណ៍នេះពួកគេស្នើឲ្យរដ្ឋាភិបាលបើកលំហសេរីភាពឡើងវិញ ដើម្បីធានាថា ពលរដ្ឋគ្រប់រូបអាចអនុវត្តសេរីភាពជាមូលដ្ឋានដោយសេរីក្នុងនោះរួមមាន សំឡេងជំទាស់ ព្រមទាំងដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងបង្កើតប្រព័ន្ធតុលាការមួយដែលមានឯករាជ្យពិតប្រាកដ ហើយនិរាករណ៍ ឬធ្វើវិសោធនកម្មច្បាប់ទាំងឡាយណាដែលមានលក្ខណៈគាបសង្កត់ ដោយអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ។

ទន្ទឹមនឹងគ្នានេះក៏ទាមទារឲ្យបញ្ឈប់ការបង្ក្រាបលើអ្នកការពារសិទ្ធិមនុស្ស ថ្នាក់ដឹកនាំសហជីព សមាជិកបក្សជំទាស់ អ្នកសារព័ត៌មានឯករាជ្យ និងសំឡេងជំទាស់ផ្សេងៗទៀត ហើយធានាឲ្យមានលំហសម្រាប់ការចូលរួមប្រកួតប្រជែងនយោបាយដោយស្មើភាពនៅមុនការបោះឆ្នោតនាពេលខាងមុខ៕

ដកស្រង់ពី៖ កោះសន្តិភាព