បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលអំណោយពីសប្បុរសជន ទុកជួយដល់ពលករធ្វើចត្តាឡីស័ក និងពលរដ្ឋនៅខេត្តស្វាយរៀង

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាស្បៀងពីលោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែក ជួយដល់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើរបស់វិស័យឯកជននេះ

ពិតជាបាន រួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាបាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ជាពិសេសសម្រាប់ត្រៀម បម្រុងទុកផ្គត់ផ្គង់ដល់ពលរដ្ឋជួបការលំបាក

និងពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាងមកធ្វើចត្តាឡីស័ក នៅតាមផ្ទះ នៅមូលដ្ឋានខេត្តស្វាយរៀង។

ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ រួមមាន៖ អង្ករ ១៥តោន, មី ៥០០កេសតូច, ទឹកសុទ្ធវីតាល់ ៥០០កេស, អាល់កុល ១៥០កាន, ម៉ាស់ ៣០០កេះធំ ស្មើនឹង ២៧០ ០០០ម៉ាស់ ៕

ដកស្រង់ពី៖ Fresh News