បណ្តាញសង្គម

គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះបានឱ្យដឹងថា បានជូនដំណឹងដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណបក្សនយោបាយទាំងអស់ ដូចខាងក្រោម៖

ទី១៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ

* កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

* សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍នៅទីស្តីការ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន នៅទីស្តីការ

គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖៣០នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។

* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

* អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលប័ណ្ណសម្គាល់ អ្នកសង្កេតការណ៍ជាតិ ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត

(លធ.ខប) រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងរាជធានី ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ នៃរាជធានីខេត្តនោះ។

ទី២៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ * កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ ជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

* អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូពាក្យ សុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ នៅទីស្តីការ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួននៅទីស្តីការ

គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ១១៖៣០នាទី និងរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖៣០នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។

* គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

* អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការ ហើយទទួលប័ណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូល ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទី៣៖ ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

* ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងនៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិ ជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

* កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

* គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ស្តីពីគណបក្សនយោបាយ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួន តាមការចាំបាច់របស់គណបក្ស ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប។

* គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួន ទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។

គណបក្សនយោបាយ អាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួនបាន។

* គណបក្សនយោបាយ អាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

ជាមួយគ្នានេះ គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គណបក្សនយោបាយ កបឃ.ស និង លធ.ខប នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕