បណ្តាញសង្គម

ក្រសួងការងារ ប្រកាសសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២, ភាគីនិយោជក គឺលោក ណាង សុធី ភាគីសហជីព គឺលោក គឹម ចាន់សំណាង

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសពីសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

ការប្រកាសនេះធ្វើឡើងតាមរយៈកិច្ចប្រជុំលើកទី១ តាមប្រព័ន្ធអនឡាញ (Zoom) នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះតែម្ដង ដោយទទួលបានលទ្ធផល៖

១៖ បានប្រកាសជាផ្លូវការសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២។

២៖ បានប្រកាសជាផ្លូវការសមាសភាពអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ចំនួន ២រូប៖

* លោក គឹម ចាន់សំណាង ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត

* លោកឧកញ៉ា ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

៣៖ បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

៤៖ បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ។

៥៖ នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅម៉ោង ៩ព្រឹក នៃថ្ងៃទី១៤, ទី២១ និងទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) តាមសំណូមពរ និងស្ថានភាពជាក់ស្តែងនៃសមាជិក សមាជិការបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា៕ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងការងារ៖

ដកស្រង់ពី៖ Fresh News