បណ្តាញសង្គម

តំណាង WHO ៖ មានតែមនុស្សគ្រប់រូបបំពេញតួនាទីដោយទទួលខុសត្រូវ ទើបទប់ស្កាត់ការឆ្លងកូវីដនៅកម្ពុជា

រាជធានីភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោកបានព្រមានថា មានតែមនុស្សគ្រប់រូបបំពេញតួនាទីដោយការទទួលខុសត្រូវទេទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអាចសម្លឹងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយបាន ។

យោងតាមលិខិតមួយច្បាប់របស់បលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះថា ការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ ប៉ះពាល់គ្រប់ខេត្ត និងសហគមន៍ទាំងអស់ ។

ដូច្នេះហើយមនុស្សគ្រប់រូបត្រូវដើរតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវ ។

លោកស្រីបញ្ជាក់ថា ៖«សុវត្ថិភាពរបស់ប្រទេសយើងទាំងមូលពឹងផ្អែកលើ សកម្មភាពបុគ្គលម្នាក់ៗ ។ មានតែនៅពេលដែលមនុស្សគ្រប់រូបបំពេញតួនាទី ដោយការទទួលខុសត្រូវទេទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអាចសម្លឹងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយបាន» ។

ជាមួយគ្នានោះដែរ លោកស្រីក៏បានលើកឡើងថា យុទ្ធសាស្ត្រ និងវិធានការកែសម្រួលឡើងវិញនេះ រួមជាមួយនឹងសកម្មភាពបុគ្គលម្នាក់ៗ និងសកម្មភាពរួមគ្នានឹងជួយផ្ដល់ឲ្យកម្ពុជានូវក្តីសង្ឃឹមថ្មី និងឱកាសខ្ពស់បំផុតក្នុងការប្រយុទ្ធយកឈ្នះលើជំងឺកូវីដ-១៩ ។

នៅពេលយើងអនុវត្តយុទ្ធសាស្ត្រ និងវិធានការឆ្លើយតបយើងត្រូវតែបន្តពង្រឹងការឆ្លើយតបនៃប្រព័ន្ធសុខាភិបាលក្នុងការស្វែងរកករណីជំងឺ និងឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតតាមរយៈការរកឃើញអ្នកឆ្លងជំងឺកូវីដទាន់ពេលវេលា និងអន្តរាគមន៍មិនមែនឱសថចំគោលដៅបានឆាប់រហ័ស ។

ពង្រីកសម្ថភាពថែទាំ និងការផ្តល់សេវា សុខភាពប្រកបដោយប្រសិទ្ធភាពជាពិសេសសមត្ថភាពថែទាំ និងព្យាបាលជំងឺធ្ងន់ធ្ងរ ។ ការចាក់វ៉ាក់សាំងក្រុមប្រជាជនដែលងាយរយគ្រោះ និងអាចចាក់វ៉ាក់សាំងបានឲ្យបានគ្រប់ៗគ្នា១០០ភាគរយ ។

លោកស្រីវេជ្ជបណ្ឌិតលើកឡើងទៀតថា «ផ្នែកដ៏គួរឲ្យចាប់អារម្មណ៍មួយនៃយុទ្ធសាស្តរបស់រាជរដ្ឋាភិបាល គឺថាការសម្រេចចិត្តផ្អែកលើហានិភ័យកំពុងត្រូវបានអនុវត្តរួមគ្នាជាមួយនឹងការផ្ដោតលើបរិបទប្រទេសកម្ពុជា រួមទាំងបរិបទសង្គម និងបរិបទវប្បធម៌» ។

លោកស្រីបន្ថែមថា «ជាឧទាហរណ៍ ការស្ទង់មតិរបស់ប្រជាពលរដ្ឋនាពេលថ្មីៗនេះ បង្ហាញថា ពលរដ្ឋនៅប្រទេសកម្ពុជា បារម្ភ អំពីសុខភាព របស់មនុស្សជាទីស្រលាញ់របស់ពួកគេច្រើនជាងសុខភាពផ្ទាល់ខ្លួន ។

នេះ គឺជាកត្តាជម្រុញទឹកចិត្តដ៏មានឥទ្ធិពលមួយជួយឲ្យបុគ្គលម្នាក់ៗសម្រេចចិត្តបានត្រឹមត្រូវក្នុងការចាត់វិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារគ្រួសារ និងសហគមន៍របស់ពួកគេ»។ជាមួយគ្នានោះដែរ លោកស្រីថា ដើម្បីពង្រឹង និងជម្រុញប្រព័ន្ធនៃការចូលរួមរបស់សហគមន៍រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារ

និងទ ប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងការងារផ្សេងទៀត អង្គការសុខភាពពិភពលោកបានគាំទ្រក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីចាប់ផ្ដើមដំណើរការយុទ្ធនាការជម្រុញសកម្មភាពចូលរួមរបស់សហគមន៍ជាថ្មីនៅក្នុងខេត្តចំនួន៩ នៅខែសីហា ឆ្នាំ២០២១ ។

គំនិតផ្តួចផ្តើមនេះបានផ្លាស់ប្ដូរពីការផ្តោតតែលើការអប់រំទៅផ្តោតបន្ថែមលើការផ្តល់អំណាចដល់ប្រជាពលរដ្ឋ តាមរយៈការទទួលបានព័ត៌មាន និង ឧបករណ៍សម្រាប់ធ្វើការសម្រេចចិត្ត ដើម្បីជួយប្រជាពលរដ្ឋឲ្យការពារជីវិត និងជីវភាពរស់នៅរបស់ពួកគាត់បានត្រឹមត្រូវ ។

គំនិតផ្ដួចផ្ដើមនេះក៏រួមបញ្ចូល គ្នានូវវិស័យ សុខាភិបាលក៏ដូចជា វិស័យផ្សេងៗទៀត រួមទាំងការកៀរគរ និង ការចូលរួមពីមេដឹកនាំសហគមន៍ មេភូមិ មេដឹកនាំសាសនា នាយកសាលា និងសំខាន់ជាងនេះទៅទៀត គឺការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។

ជាឧទាហរណ៍ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ ក្នុងចំណោមប្រព័ន្ធសហគមន៍ដែលមានស្រាប់ផ្សេងទៀត កំពុងត្រូវបាន ពង្រឹងសម្រាប់ការបង្ការការត្រៀមខ្លួន និងការឆ្លើយតបចំពោះកូវីដ-១៩នៅ ក្នុងសហគមន៍៕

ដកស្រង់ពី៖ កោះសន្តិភាព