បណ្តាញសង្គម

មិនអនុញ្ញាតិឱ្យមានមនុស្សកកកុញថ្ងៃកាន់បិណ្ឌ ទោះព្រះសង្ឃនៅរាជធានីភ្នំពេញបានចាក់វ៉ាក់រួចក្តី

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញបានលើកឡើងថា គ្រប់វត្តនៅរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប៉ុន្តែត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត បើទោះបីជាព្រះសង្ឃគង់នៅវត្តអារាមបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួចហើយក្តី ។

លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញបានឱ្យកោះសន្តិភាពដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា វត្តនៅទូទាំងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមប្រពៃណី និងទំនៀមទំលាប់ធម្មតា តែមិនអនុញ្ញាតឱ្យមានមនុស្សកកកុញ ឬប្រមូលផ្តុំគ្នាកុះករច្រើននោះទេ គឺត្រូវរក្សាគម្លាត និងត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ។

លោក ទេព គង្គា បានមានប្រសាសន៍បន្តថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានវត្ត១៥១វត្ត ព្រះសង្ឃចំនួន៨៥១៧អង្គ ព្រះសង្ឃដែលមានព្រះជន្មចាប់ពី១៨ ព្រះវស្សាឡើងទៅមានជិត៤ពាន់អង្គ ។

លោកបន្តថា រហូតមកដល់ពេលនេះ ព្រះសង្ឃបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អស់ហើយនៅសល់បន្តិចបន្តួចដោយសារព្រះអង្គមានជំងឺប្រចាំព្រះកាយដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ ។

លោក ទេព គង្គា បានឱ្យដឹងទៀតថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ វត្តទាំង១៥១នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យធ្វើពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាជាធម្មតា ប៉ុន្តែត្រូវធ្វើពិធីលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគឱ្យបានស្អាតជាមុនសិន ។

ប្រធានមន្ទីរធម្មការ និងសាសនាបានបន្ថែមថា គ្រប់វត្តនៅកណ្ដាលរាជធានីភ្នំពេញសុទ្ធតែមានលទ្ធភាព ជាពិសេសដាក់ឧបករណ៍បាញ់អាល់កុលបង្វិលខ្លួន ដើម្បីឱ្យពុទ្ធបរិស័ទចូល

ឬបាញ់អាល់កុលឬលាងដៃជាដើមមុននឹងពួកគាត់ចូលព្រះវិហារជាដើម ម្យ៉ាងទៀតគ្រប់វត្តត្រូវរៀបចំឱ្យពុទ្ធបរិស័ទរក្សាគម្លាត និងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ហើយការងារនេះ មន្ទីរធម្មការ និងសាសនាក៏បានជម្រាបជូន និងជូនដំណឹងដល់គ្រប់វត្តអស់ហើយដែរ ។

លោកបានបន្តថា ចំពោះវត្តនៅជាយក្រុងភាគច្រើនទីតាំងធំទូលាយដែលងាយស្រួលពុទ្ធបរិស័ទរក្សាគម្លាត ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តន៍វិធានការ៣កុំ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ឱ្យបានខ្ជាប់ខ្ជួនតែម្ដង ៕

ដកស្រង់់ពី៖ កោះសន្តិភាព