បណ្តាញសង្គម

ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញ ខណៈលោក ឃួង ស្រេង ចុះពិនិត្យមើលតាមសាលារៀន

(ភ្នំពេញ)៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយអនុវត្តតាមវិធានការសុខាភិបាល។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការចូលរៀនឡើងវិញ នៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាលាឯកជន។

លោកអភិបាលអញ្ជើញពិនិត្យមើលទីតាំងសាលារៀនព្រះស៊ីសុវត្ថិ, សាលារៀនសាលាចតុមុខ និងសាលារៀន ICS ។

ការបើកសាលានៅរាជធានីភ្នំពេញឡើងវិញនេះ បានធ្វើឡើងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ខណៈដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ មិនទាន់អនុញ្ញាតឱ្យបើកដំណើរការ នៅពេលនេះនៅឡើយទេ ដោយសាលាទាំងនោះត្រូវស្នើសុំគោលការណ៍ទៅរដ្ឋបាលរាជធានីភ្នំពេញ រីឯគ្រឹះស្ថានសិក្សាសាធារណៈ

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែងមុននឹងសម្រេចអនុញ្ញាត ឬ ត្រូវរក្សាស្ថានភាពដដែល។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)

សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ តម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម៕

ដកស្រង់ពី៖ Fresh News