បណ្តាញសង្គម

សម្តេចតេជោ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមថ្ងៃសុក្រនេះ

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសម្លេងពិសេស បានមានប្រសាសន៍បញ្ជាក់អំពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារថ្នាក់បឋមសិក្សា អាយុចាប់ពី៦ ដល់១២ ឆ្នាំ យ៉ាងដូច្នេះថា «សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថា នឹងចាក់វ៉ាក់សាំងឱ្យក្មេងអាយុ ពី៦ ឆ្នាំទៅ១២ ឆ្នាំ ។

ប្រសិនបើយើងមិនចាក់ជូនកុមារ ពីអាយុ៦ឆ្នាំ ទៅ១២ឆ្នាំទេ យើងមិនអាចឈានទៅដល់ការបើកសាលាបឋមសិក្សា បានទេ ។ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះ ធ្វើឱ្យមានបញ្ហាលំបាក » ។សម្តេចបានបន្តថា ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេង ដែលមានអាយុក្រោម១២ ឆ្នាំរួចមកហើយដែរ ។ ដូច្នេះបញ្ហាវ៉ាក់សាំង មិនមែនជាបញ្ហាលំបាកទេ ។

ម្ខាងវ៉ាក់សាំង អនុញ្ញាត ម្ខាងយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួន កុមារតាមស្ថិតិ បឋមគឺមាន ប្រហែលជាង១ លាន៨ សែននាក់។ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំដល់ ១២ ឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៧ ខែកញ្ញានេះ នឹងធ្វើឡើងក្នុងក្របខណ្ឌ នៅទូទាំងប្រទេស។

ឯថ្នាក់ជាតិ នឹងធ្វើឡើងនៅវិមានសន្តិភាព ដូចអ្វីដែលយើងធ្លាប់ធ្វើលើកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នា ដល់ក្រោម ១៨ឆ្នាំ កាលពីពេលមុនដែរ។ បន្ទាប់មក សម្តេចនឹងធ្វើសន្និសីទសារព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ផ្នែកសុខាភិបាល ក៏ដូចជា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាអនុគណៈកម្មការចាក់វ៉ាក់សាំង នៅតាមរាជធានីខេត្ត ធ្វើការប្រុងប្រៀប ដើម្បីបែងចែកវ៉ាក់សាំង ក៏ដូចជា រៀបចំក្រុមគ្រូពេទ្យ ដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំង សម្រាប់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមានចំនួនជិត ១លាន ៩សែននាក់ ដែលយើងត្រូវចាក់ជូន ហើយចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារនៅថ្នាក់បឋមសិក្សានេះ មិនមានបញ្ហាអ្វីទេ ដោយសារតែយើងមានក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន កំពុងដំណើរការចាក់វ៉ាក់សាំងរួចស្រេចហើយ និងយើងមានវ៉ាក់សាំង ស៊ីណូវ៉ាក់ សម្រាប់ការចាក់ហើយ។

ពីមុន មាតាបិតា បាននាំកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ទៅចាក់ តែពេលនេះ គ្រាន់តែបន្ថែមមាតា បិតា នាំកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទៅចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។

ឯទីតាំងចាក់ យើងមានរួចរាល់ហើយ ហើយកន្លែងដែលបានបិទ ក៏ត្រូវតែបើកឡើងវិញ សម្រាប់ការចាក់វ៉ាក់សាំង ឲ្យកុមាររបស់យើង។ កុមាររបស់យើង ដែលមកដល់ពេលនេះ គឺចាក់បានជាង ១លាន ៧សែននាក់រួចស្រេចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចាក់វ៉ាក់សាំងដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំនេះ សំដៅដើម្បីឲ្យកុមារ ដែលត្រូវចូលរៀនបឋមសិក្សា អាចនឹងចូលរៀនបឋមសិក្សាបាន ដោយគ្មានការភ័យខ្លាច ព្រោះពួកគេ បានទទួលវ៉ាក់សាំង។ បើមិនដូច្នោះទេ យើងនៅចន្លោះ ក្នុងរង្វង់ពី ៦ ទៅ ១២ឆ្នាំ ដែលមុននេះ យើងតម្រូវសម្រាប់តែអនុវិទ្យាល័យ។ តែយើងធ្វើតាមជំហ៊ាន ហើយជំហ៊ានបន្តទៀត យើងក៏កំពុងគិតដល់ក្មេង ដែលនៅមត្តេយ្យ ក្នុងរង្វង់ពី ៣ ទៅ ៦ឆ្នាំដែរ។ តែនោះ ចាត់ទុកថា ជំហ៊ានបន្ទាប់មួយទៀត។

តែយើងត្រូវដោះស្រាយ គឺបញ្ហាការវ៉ាក់សាំង សម្រាប់កុមារ ពី ៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលវាអាចផ្តល់ឱកាសឲ្យកុមាររបស់យើង អាចចូលសិក្សានៅថ្នាក់បឋមសិក្សា ដែលនឹងត្រូវបើកបន្តបន្ទាប់ទៀត នៅថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ និងមហាវិទ្យាល័យ ដែលយើងបាន និងកំពុងធ្វើ ចាប់ពីថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់ថ្នាក់ដឹកនាំនៅថ្នាក់ជាតិ នាំកូននាំចៅ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទៅចាក់វ៉ាក់សាំង ដែលសម្តេច នឹងអញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព តាមការរៀបចំរបស់ក្រសួងសុខាភិបាល៕

ដកស្រង់ពី៖ កោះសន្តិភាព