បណ្តាញសង្គម

ក្រសួងមហាផ្ទៃ យល់ព្រមចុះឈ្មោះ «គណបក្ស​កែទម្រង់កម្ពុជា» ហើយ

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» សរសេរជាអក្សរកាត់ (គ.ក.ក) នៅក្នុងបញ្ជីគណបក្សនយោបាយ។

គណបក្សថ្មីនេះ បង្កើតឡើងដោយលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម អតីតថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ។គណបក្សកែទម្រង់កម្ពុជា មានអាស័យដ្ឋាននៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថា គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពី គណបក្សនយោបាយ លិខិតបដិដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

សូមរម្លឹកថា គិតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានអតីតតំណាងរាស្ត្រ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ សរុប ២៦នាក់ហើយ បានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកនយោបាយ ១១៨នាក់ ដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ តាមអំណាចដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតតំណាងរាស្ត្រ និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ទាំង ២៦នាក់ រួមមាន៖ ១- លោក គង់ គាំ ២-លោក គង់ បូរ៉ា ៣-លោក ស៊ីម សុវណ្ណនី ៤-លោក ច័ន្ទ សិលា ៥- លោក រៀល ខេមរិន្ទ ៦- លោកស្រី ទេព សុទ្ធី ៧- លោក កង គឹមហាក់ ៨- លោក ជីវ កត្តា ៩- លោក សុន ឆ័យ ១០- លោក តាវ

គឹមឈន ១១- លោក វ៉ា សាម៉ុន ១២- លោក ស៊ុន សុភ័ក្រ ១៣- លោកស្រី លី ស្រីវីណា ១៤- លោក អ៊ូ ច័ន្ទរ័ត្ន ១៥- លោក ថាច់ សេដ្ឋា ១៦- លោក យ៉ែម បុញ្ញឫទ្ធិ ១៧- លោក មុត ចន្ថា ១៨- លោក ជុំ ច័ន្ទដារិន ១៩-

លោក ទួត យឿត ២០- លោក ឡាត់ លិតេយ្យ ២១- លោក ឡុង គឹមឃន ២២- លោកស្រី យង់ ផាន់ណេត ២៣- លោក ប៉ុល ហំម ២៤-លោក ផាន់ ច័ន្ទសាក់ ២៥-លោក ឃឹម ឡាក់គី និង២៦-លោក ម៉ៅ សុផល។

ក្រោយទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានចូលរួម និងបង្កើតគណបក្សថ្មី យ៉ាងហោចណាស់ ៦គណបក្ស រួមមាន៖

១-គណបក្សឆន្ទៈខ្មែរ ដែលលោកគង់គាំ ចូលរួមដឹកនាំជាមួយកូនប្រុសពៅ ២-គណបក្សខ្មែរអភិរក្ស របស់ក្រុមលោក រៀល ខេមរិន្ទ្រ

៣-គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា ៤-គណបក្សកែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម ៥-គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ និង៦-គណបក្សបេះដូងជាតិ ដែលបង្កើតដោយក្រុមលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ៕

ដកស្រង់ពី៖ កោះសន្តិភាព